នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី៩ ខែមេសា) នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយថា អឺរ៉ុប និងសហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម «ឈ្នះ-ឈ្នះ» ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំង២។
ជាការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលមួយ លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកនឹងកាត់បន្ថយឲ្យនៅកម្រិតទាបជាបណ្តោះអាសន្ននូវកាតព្វកិច្ចពន្ធដ៏ធ្ងន់ធ្ងរដែលលោកទើបតែដាក់លើប្រទេសរាប់សិប ខណៈដែលបង្កើនសម្ពាធបន្ថែមលើប្រទេសចិន ដោយបានធ្វើឲ្យភាគហ៊ុនសកលឡើងថ្លៃ។
ពីការិយាល័យរបស់លោក នៅទីក្រុងអាតែន លោក Mitsotakis បានប្រាប់បណ្តាញព័ត៌មានអាមេរិក Breitbart ថា៖ «ពាក់ព័ន្ធនឹងអ៊ឺរ៉ុប មានលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ នៅពេលដែលនិយាយអំពីពាណិជ្ជកម្ម ពោលគឺជាដំណោះស្រាយដែលនឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ បានយល់ព្រមដាក់ចេញនូវវិធានការតបតជាលើកដំបូងរបស់ខ្លួន ប្រឆាំងនឹងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។ ប៉ុន្តែប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) នេះ បានស្វាគមន៍ការប្រកាសរបស់លោក Trump អំពីការផ្អាកនេះ៕