ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចនឹងផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រសិនបើការគំរាមកំហែងពីខាងក្រៅ នៅតែបន្តមាន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានជាថ្មីអំពីការប្រើប្រាស់កម្លាំងយោធា បើទីក្រុងតេអេរ៉ង់មិនយល់ព្រមឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរទេនោះ។
អ្នកការទូតអ៊ីរ៉ង់ និងអាមេរិក នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសអូម៉ង់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដោយលោក Trump និយាយថា លោកនឹងសម្រេចចុងក្រោយថា តើការពិភាក្សានេះនឹងឈានដល់ការដួលរលំ ឬអត់ ជាអ្វីដែលនឹងធ្វើឲ្យអ៊ីរ៉ង់ ស្ថិតក្នុង «គ្រោះថ្នាក់ដ៏ធំ»។
ដោយសំដៅទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទីប្រឹក្សារបស់លោក Ayatollah Ali Khamenei គឺលោក Ali Shamkhani បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ការបន្តគំរាមកំហែងពីខាងក្រៅ និងការដាក់ឲ្យប្រទេសអ៊ីរ៉ង់នៅក្រោមលក្ខខណ្ឌនៃការវាយប្រហារយោធា អាចនាំឲ្យមានវិធានការទប់ស្កាត់ ដូចជាការបណ្តេញមន្ត្រីអធិការកិច្ចរបស់ IAEA និងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននេះ»។
ទោះបីជាសហរដ្ឋអាមេរិក ទទូចថា កិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ នឹងធ្វើឡើងដោយផ្ទាល់ ក៏អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ការចរចានឹងមានដោយប្រយោលជាមួយអន្តរការីពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់៕