ការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅឲ្យប្រទេសអូស្ត្រាលី ក្រោមសន្ធិសញ្ញារបស់សម្ព័ន្ធ AUKUS ប្រឈមមុខនឹងភាពមិនច្បាស់លាស់ថ្មី នៅពេលដែលអត្រាពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចូលជាធរមាន ហើយចំពេលមានក្ដីបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលថា ការផ្តល់នាវាមុជទឹកដល់ទីក្រុងកង់បេរ៉ា អាចកាត់បន្ថយសមត្ថភាពទប់ស្កាត់ទល់នឹងប្រទេសចិន។
បន្ទាប់ពីមានជំនួបជាមួយសមភាគីអាមេរិក គឺលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីខែមុនថា អូស្ត្រាលីអាចទិញនាវាមុជទឹកកម្រិត Virginia ចំនួន ៣ គ្រឿង ដែលចាប់ផ្តើមនៅឆ្នាំ២០៣២ បានដែរ ឬអត់នោះ គឺអាស្រ័យថា តើសហរដ្ឋអាមេរិកអាចជំរុញការផលិតនាវាមុជទឹក ដើម្បីបំពេញគោលដៅរបស់កងទ័ពជើងទឹកអាមេរិកបានដែរ ឬទេ។
ប្រទេសអូស្ត្រាលី ប្រឈមនឹងកាលបរិច្ឆេទកំណត់ឆ្នាំ២០២៥ ដែលមិនត្រូវបានរាយការណ៍នៅមុននេះ ក្នុងការបង់ប្រាក់ចំនួន ២ពាន់លានដុល្លារ ដើម្បីជួយកែលម្អកន្លែងផលិតនាវាមុជទឹករបស់ខ្លួន។ លោក Marles បាននិយាយកាលពីខែមីនាថា រដ្ឋបាលរបស់លោក Trump បានស្នើសុំមូលនិធិបន្ថែមទៀត។
យោងតាមអ្នកជំនាញ និងឯកសារជាច្រើន បានឲ្យដឹងថា ក្ដីបារម្ភកំពុងកើនឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលថា ការស្ទាក់ស្ទើររបស់អូស្ត្រាលី ក្នុងការពិភាក្សាអំពីការប្រើប្រាស់នាវាមុជទឹកវាយប្រហារប្រឆាំងនឹងប្រទេសចិន មានន័យថា ការផ្ទេរនាវាទាំងនោះចេញពីកងនាវាអាមេរិកទៅអូស្ត្រាលី នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងទប់ស្កាត់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕