ការទម្លាប់គ្រាប់បែកមិនទាន់បានសម្លាប់អ្នកស្រី Rehab Akhras និងគ្រួសាររបស់គាត់នៅឡើយនោះទេ ប៉ុន្តែបើសិនជាប៉ុស្តិ៍ត្រួតពិនិត្យដែលអ៊ីស្រាអែលបិទចាប់តាំងពីដើមខែមីនារហូតមក មិនទាន់បើកក្នុងពេលដ៏ខ្លីខាងមុខនទេនោះ អ្នកស្រីនិយាយថា ភាពអត់ឃ្លានប្រាកដណាស់ថានឹងកើតមានឡើង ។
រយៈពេល ៦សប្តាហ៍ ចាប់តាំងពីអ៊ីស្រាអែលកាត់ផ្តាច់ទាំងស្រុងការផ្គត់ផ្គង់ជំនួយដល់ពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្កាហ្សាស្រ្ទីប ស្បៀងអាហារដែលបានស្តុកអំឡុងបទឈប់បាញ់នៅដើមឆ្នាំនេះ អស់រលីងទៅហើយ ។ ការចែកចាយអាហារបន្ទាន់ បានបញ្ចប់ ហាងដុតនំក៏បានបិទ ហើយផ្សារក៏លែងមានទំនិញលក់ ។
នៅជំរំធ្វើពីថង់ប្លាស្ទិកជាទីដែលគាត់រស់នៅជាមួយគ្រួសារជម្លៀសខ្លួនរបស់គាត់នៅទីក្រុង Khan Younis អ្នកស្រី Akhras វ័យ ៦៤ឆ្នាំ ប្រើប្រាស់ក្រដាសកាតុងដើម្បីបង្កើតភ្លើងស្ងោរសណ្តែក ១កំប៉ុងដែលសល់ចុងក្រោយសម្រាប់គ្រួសាររបស់គាត់ ។
អ្នកស្រីនិយាយថា ពួកយើងគឺជាគ្រួសារមានសមាជិក ១៣នាក់ តើសណ្តែក ១កំប៉ុងឲ្យពួកយើងបរិភោគយ៉ាងម៉េចកើត?
អ្នកស្រីបន្តថា ពួកយើងរស់រានពីសង្រ្គាម ហើយពួកយើងរស់រានពីការវាយប្រហារតាមច្រកអាកាសពេលដែលពួកយើងភ្ញាក់ឡើង និងពេលពួកយើងទៅដេក ប៉ុន្តែពួកយើងមិនអាចរស់រានបានទេ បើអត់ឃ្លាន ទាំងពួកយើង ឬកូនៗរបស់ពួកយើង ។
ដោយឡែក នៅជំរំ Nuseirat ជនប៉ាឡេស្ទីនរាប់រយនាក់ តម្រង់ជួរគ្នារង់ចាំទទួលបានបាយក្តៅនៅផ្ទះបាយសង្រ្គោះបន្ទាន់ ។ ក្មេងតូចៗ នាំគ្នាប្រជ្រៀតគ្នានៅមុខគេ គ្រវីឆ្នាំងដើម្បីបានអ្វីយកត្រឡប់ទៅផ្ទះសម្រាប់គ្រួសាររបស់ពួកគេ ។
ខណៈពេលនោះដែរ ទីភ្នាក់ងារជំនួយដែលបានផ្គត់ផ្គង់អាហារបន្ទាន់ទាំងនេះនិយាយថា ពួកគេត្រូវតែឈប់ប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ លុះត្រាតែពួកគេអាចនាំចូលអាហារបន្ថែមទៀត ៕