ក្នុងពេលដ៏ខ្លីខាងមុខនេះ ការស៊ើបអង្កេតអវកាសនឹងត្រូវបញ្ជូនទៅកាន់កន្លងតារាវិថី ដើម្បីជួយក្រុមអ្នកវិទ្យាសាស្រ្ត វាយតម្លៃសុខភាពព្រៃជប់ភ្លៀងដ៏ក្រាស់ឃ្មឹករបស់ផែនដីពួកយើង ។
ភ្ជាប់ជាមួយការស៊ើបអង្កេតជីវម៉ាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប វាគឺជាឧបករណ៍ស្កេនរ៉ាដាថ្មីដែលនឹងធ្វើផែនទីមាតិកាកាបូនព្រៃត្រូពិក បង្ហាញពីវិធីកាប់ព្រៃឈើ ហើយនិងបម្រែបម្រួលអាកាសធាតុដែលកំពុងបំផ្លាញសួតបៃតងរបស់ផែនដីពួកយើង ។
ការស៊ើបអង្កេតនេះ គ្រោងនឹងបញ្ជូនទៅកាន់ទីអវកាសនៅថ្ងៃទី ២៩ ខែមេសាខាងមុខនេះ ហើយនិងគោចរតាមគន្លងផែនដីសម្រាប់រយៈពេលជាច្រើនឆ្នាំ ។
វានឹងប្រើប្រាស់បច្ចេកវិទ្យាស្រង់ព័ត៌មាន ដើម្បីប្រមូលទិន្នន័យព្រៃជប់ភ្លៀងនៅទូទាំងអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន ។
លោក Michael Fehringer គឺជាអ្នកគ្រប់គ្រងគម្រោងជីវម៉ាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប និយាយថា អ្វីដែលពួកយើងចង់វ៉ាស់ គឺចំនួនប៉ុន្មានដែលឥន្ធនៈហ្វូស៊ីលត្រូវបានដុត និងបង្កើតបានជាឧស្ម័នកាបូនិក តើបរិមាណរបស់វាប៉ុន្មានដែលត្រូវបានស្រូបចូលទៅក្នុងព្រៃ និងបន្តនៅទីនោះ ហើយនិងត្រូវបានចាប់ជាប់នៅទីនោះ ។
លោកបន្តថា ពួកយើងបានធ្វើផែនទីអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីមើលការប្រែប្រួល ហើយវាគឺជាគោលដៅសំខាន់របស់ពួកយើង ។
ឧបករណ៍ស៊ើបអង្កេត ត្រូវបានរចនាឡើង ដើម្បីវាស់កម្រិតកាបូនឲ្យបានត្រឹមត្រូវ សូម្បីតែត្រូវឆ្លងកាត់របាំងព្រៃដ៏ក្រាស់ឃ្មឹកក៏ដោយ ។
លោក Michael បាននិយាយទៀតថា អ្នកត្រូវការទំហំព្រៃឈើ ហើយជាមួយអ្វីដែលពួកយើងធ្វើ ពួកយើងមានឧបករណ៍រ៉ាដា ដែលអាចជ្រៀតចូលទៅក្នុងដី ។
សូមបញ្ជាក់ថា ព្រៃឈើបានស្រូបយកកាបូនប្រហែល ៩ពាន់លានតោនពីបរិយាកាសជារៀងរាល់ឆ្នាំ ៕