ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១០ មេសា) បានគំរាមកំហែងម៉ិកស៊ិក ជាមួយនឹងការដាក់ទណ្ឌកម្ម និងដំឡើងពន្ធបន្ថែម ដោយសារតែជម្លោះលើការចែករំលែកទឹករវាងប្រទេសទាំងពីរ ដោយលោកបានចោទម៉ិកស៊ិក ថារំលោភសន្ធិសញ្ញាដែលមានអាយុកាល ៨១ឆ្នាំ និង "លួចទឹកពីកសិកររដ្ឋតិចសាស់ របស់អាមេរិក"។

នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៤៤ ម៉ិកស៊ិកត្រូវបញ្ជូនទឹកប្រមាណជាង ២,១ពាន់លានម៉ែត្រគូប ទៅអាមេរិក ពីទីក្រុង Rio Grande តាមបណ្តាញទំនប់ទឹក និងអាងស្តុកទឹកដែលតភ្ជាប់គ្នារៀងរាល់ ៥ឆ្នាំម្តង។ គួរឱ្យដឹងថា ទឹកជាង ១ពាន់ម៉ែត្រគូប គឺគ្រប់គ្រាន់ដើម្បីបំពេញអាងហែលទឹកទំហំប្រហែលពាក់កណ្តាលនៃអាងកីឡាអូឡាំពិក។

វដ្ត ៥ឆ្នាំម្ដងនោះ បច្ចុប្បន្នត្រូវមកដល់ក្នុងខែតុលា ឆ្នាំមុន ប៉ុន្តែម៉ិកស៊ិក បានបញ្ជូនតិចជាង ៣០% នៃទឹកដែលត្រូវការ នេះបើយោងតាមទិន្នន័យពីគណៈកម្មការព្រំដែន និងទឹកអន្តរជាតិ។

លោក Trump បានបង្ហោះលើបណ្ដាញសង្គមថា "ម៉ិកស៊ិក ជំពាក់ទឹក ១,៦ពាន់លានម៉ែត្រគូប ដល់រដ្ឋតិចសាស់ ក្រោមសន្ធិសញ្ញាទឹកឆ្នាំ១៩៤៤ ប៉ុន្តែជាអកុសល ម៉ិកស៊ិកបានរំលោភលើកាតព្វកិច្ចសន្ធិសញ្ញារបស់ពួកគេ"។
លោក Trump បន្តថា "អាមេរិកនឹងបន្តបង្កើនផលវិបាក រួមទាំងការដំឡើងពន្ធ និង ប្រហែលជាទណ្ឌកម្ម រហូតដល់ម៉ិកស៊ិកគោរពសន្ធិសញ្ញា ហើយផ្តល់ឱ្យរដ្ឋតិចសាស់ នូវទឹកដែលពួកគេជំពាក់!"។ ជាការឆ្លើយតប ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយលើបណ្ដាញសង្គម X ថា ម៉ិកស៊ិកបាននិងកំពុងអនុវត្តតាមសន្ធិសញ្ញារួចហើយ "ដល់កម្រិតទឹកដែលអាចប្រើបាន" ស្របពេលមានគ្រោះរាំងស្ងួតខ្លាំងរយៈពេលបីឆ្នាំ៕