ការសិក្សាបែបវិភាគថ្មីមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវរថយន្ត ហៅកាត់ថា CAR បានរកឃើញថា ពន្ធលើរថយន្ត ២៥% របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានដាក់នៅដើមខែមេសា នឹងបង្កើនការចំណាយប្រហែល ១០៨ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥ នេះ។

ការសិក្សា ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១០ មេសា) សប្ដាហ៍នេះ ដោយអង្គការ Ann Arbor នៅរដ្ឋ Michigan បានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តធំទាំងបី Detroit Three ដូចជា Ford Motor, General Motors និង Stellantis ព្រមទាំងក្រុមហ៊ុនផលិតរថយន្ត Jeeps និងរថយន្តដឹកទំនិញ Ram ជាពិសេស នឹងមើលឃើញការចំណាយកើនឡើងចំនួន៤២ពាន់លានដុល្លារ។

ការសិក្សានេះក៏បានរកឃើញថា សម្ព័ន្ធរថយន្តដ៏ធំទាំងបី Detroit Three នេះអាចមើលឃើញពន្ធជិត ៥.០០០ដុល្លារជាមធ្យម សម្រាប់គ្រឿងបន្លាស់នាំចូលលើរថយន្តនីមួយៗ ដែលផលិតនៅអាមេរិក ហើយជាមធ្យមប្រហែល ៨.៦០០ដុល្លារសម្រាប់រថយន្តនីមួយៗ ដែលនាំចូលពីបរទេស។ លើសពីនេះ ស្ថាប័នផលិតរថយន្តនៅអាមេរិកផ្សេងទៀតក៏រងគ្រោះស្រដៀងគ្នានេះ ដែលនាំឱ្យការខាតសរុបប្រមាណ ១០៨ពាន់លានដុល្លារ។
ពន្ធនាំចូលរថយន្តចំនួន ២៥% របស់លោក Trump បានចូលជាធរមាននៅថ្ងៃទី០៣ ខែមេសា ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញឧស្សាហកម្ម ដោយសារតែការផ្គត់ផ្គង់គឺមកពីទូទាំងពិភពលោក។ យានជំនិះដែលផលិតនៅប្រទេសជិតខាងដូចជាម៉ិកស៊ិក និងកាណាដា ប្រឈមនឹងការយកពន្ធដូចគ្នា ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តដែលអនុលោមតាមលក្ខខណ្ឌកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា អាចរងពន្ធទាបពីអាមេរិក ដោយសារមានការលើកលែងមួយចំនួន៕