ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រ (១១ មេសា) នេះថា អ៊ុយក្រែន នឹងទទួលបានការគាំទ្រផ្នែកយោធាថ្មីដែលមានតម្លៃ ៤៥០លានផោន ស្មើនឹង ៥៨០ លានដុល្លារ ខណៈសម្ព័ន្ធមិត្តអឺរ៉ុបព្យាយាមពង្រឹងជំហររបស់ប្រទេសនេះ មុនពេលកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី។

ក្រសួងការពារជាតិអង់គ្លេស លើកឡើងថា ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់ចំនួន ៣៥០លានផោន ពីកញ្ចប់ជំនួយផ្នែកយោធាចំនួន ៤,៥ពាន់លានផោនរបស់ខ្លួនសម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ដោយប្រទេសន័រវេស បានរួមចំណែកផ្តល់មូលនិធិបន្ថែមទៀត។

ការផ្តល់មូលនិធិនេះ កើតឡើងនៅពេលរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ជាមួយសមភាគីអាល្លឺម៉ង់ លោក Boris Pistorius ហើយក្រុមនេះរួមមានអង្គការណាតូ និងប្រទេសគាំទ្រអ៊ុយក្រែនផ្សេងទៀត។

មូលនិធិនេះនឹងផ្តល់ការជួសជុល និងថែទាំយានចម្បាំង និងគ្រឿងយុទ្ធោបករណ៍ ព្រមទាំងប្រព័ន្ធរ៉ាដា មីនប្រឆាំងរថក្រោះ និងយានដ្រូនរាប់សែនគ្រឿងផ្សេងទៀត។ ជំនួយយោធាថ្មីនេះ កើតឡើងស្របពេលដែលដំណើរការចរចាសន្តិភាពអ៊ុយក្រែន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្តទៅមុខយ៉ាងរអាក់រអួលដោយសារការខ្វែងគំនិតគ្នាជាច្រើន៕