ឧបនាយករដ្ឋមន្រ្ដីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក និងជារដ្ឋមន្ត្រីយុត្តិធម៌អ៊ុយក្រែន លោកស្រី Olha Stefanishyna បាននិយាយថា អ៊ុយក្រែននឹងចាប់ផ្តើមការពិគ្រោះយោបល់បច្ចេកទេសជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងរ៉ែនៅថ្ងៃទី១១-១២ខែមេសា សប្ដាហ៍នេះ។

ទីក្រុង Kyiv ធ្លាប់បានប្រកាសថា ក្រុមអ្នកចរចាអ៊ុយក្រែននឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបើកចំហរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដរាបណាប្រទេសនេះធានាបាននូវភាពជាដៃគូស្មើគ្នា និងគោរពអធិបតេយ្យភាពអ៊ុយក្រែន។

កំណែចុងក្រោយនៃកិច្ចព្រមព្រៀងធនធានរ៉ែ អ៊ុយក្រែន-សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការគ្រប់គ្រងយ៉ាងទូលំទូលាយលើធនធានធម្មជាតិរបស់អ៊ុយក្រែន តាមរយៈមូលនិធិវិនិយោគរួមមួយ។

កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយរដ្ឋបាលលោក Trump ជាមធ្យោយោបាយដ៏មានសារៈសំខាន់ចំពោះផ្លូវរបស់អ៊ុយក្រែនទៅកាន់សន្តិភាព ប៉ុន្តែពុំបានផ្តល់ការប្តេជ្ញាចិត្តផ្នែកសន្តិសុខជាក់លាក់ណាមួយជាថ្នូរនឹងការទទួលបានធនធានយុទ្ធសាស្ត្រនោះទេ។
កំណែក្របខណ្ឌនៃកិច្ចព្រមព្រៀង ត្រូវបានគ្រោងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ លោក Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២៨ ខែកុម្ភៈ។ រដ្ឋាភិបាលអ៊ុយក្រែនបានអនុម័តសេចក្តីព្រាងច្បាប់នេះ ហើយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីទីមួយលោកស្រី Yuliia Svyrydenko ឬរដ្ឋមន្ត្រីការបរទេសលោក Andrii Sybiha ជាហត្ថលេខី។
យ៉ាងណាផែនការនេះបានដួលរលំបន្ទាប់ពីជម្លោះដ៏តានតឹងរវាងលោក Zelensky លោកDonald Trump និងអនុប្រធានាធិបតីលោក JD Vance នៅការិយាល័យប្រធានាធិបតីអាមេរិក។ លោក Zelensky បានចាកចេញពីសេតវិមានដោយពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕