លោកDonald Trump បានអះអាងជ័យជម្នះលើសហភាពអឺរ៉ុបក្នុងសង្គ្រាមពន្ធអាមេរិក ប៉ុន្តែបានទទួលស្គាល់ពីការខាតបង់ចំពោះការវាយលុកពាណិជ្ជកម្មដែលកំពុងកើនឡើងរបស់លោកប្រឆាំងនឹងគូប្រជែងមហាអំណាចចិន ខណៈទីផ្សារភាគហ៊ុនអាស៊ីធ្លាក់ចុះជាថ្មីទៀតនៅថ្ងៃសុក្រនេះ។

លោក Trump បានប្រកាសជ័យជម្នះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានដោយនិយាយថាសហភាពអឺរ៉ុបបានដកថយពីការដំឡើងពន្ធសងសឹក ដោយសារតែជំហរតឹងរ៉ឹងរបស់លោកចំពោះប្រទេសចិន។

លោកថាត្បិតមានការខាតបង់ដោយសារការដំឡើងពន្ធ តែអ្វីៗនឹងប្រែជាល្អខ្លាំងបំផុតនៅទីបញ្ចប់បន្ទាប់ពីការផ្អាកការដំឡើងពន្ធរយៈពេល៩០ថ្ងៃដល់ប្រទេសជាច្រើននៅសប្ដាហ៍នេះ។
លោកបាននិយាយថា ពួកគេឆ្លាតណាស់។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសការសងសឹក។ ហើយបន្ទាប់មកពួកគេបានឮអំពីអ្វីដែលយើងបានធ្វើលើប្រទេសចិន ។
លោកTrump បានទទួលស្គាល់ការខាតបង់ និងបញ្ហានៃការផ្លាស់ប្តូរស្ថានការណ៍គោលនយោបាយរបស់អាមេរិក ប៉ុន្តែបានច្រានចោលភាពចលាចលទីផ្សារសកល។ លោកថានៅទីបញ្ចប់ អ្វីៗនឹងល្អប្រសើរឡើងវិញ។
សហភាពអឺរ៉ុបបានផ្អាកផែនការរបស់ខ្លួនសម្រាប់ការដំឡើងពន្ធសងសឹកលើទំនិញអាមេរិកនៅរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីលោក Trump បានផ្អាកភ្លាមៗ លើកម្រិតពន្ធខ្ពស់របស់សហរដ្ឋអាមេរិក លើប្លុកនេះ និងប្រទេសដទៃទៀត លើកលែងតែប្រទេសចិន៕