មួយថ្ងៃបន្ទាប់ពី លោក Donald Trump បានផ្អាកភ្លាមៗនូវការដំឡើងពន្ធដ៏ធ្ងន់ទៅលើដៃគូពាណិជ្ជកម្មរាប់សិបប្រទេសរបស់សហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានភាពច្របូកច្របល់នៅក្នុងទីផ្សារជុំវិញពិភពលោក នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលលោកបានសង្កត់ធ្ងន់លើ «តម្លាភាព» របស់រដ្ឋបាលលោក។

លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មេសា ថា «យើងគ្មានអ្វីត្រូវលាក់បាំងទេ»។ ក្រោយមក លោក Trump បានអញ្ជើញសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ឱ្យផ្តល់ការធ្វើបច្ចុប្បន្នភាពអំពីប្រធានបទនានា មានចាប់ពីតម្លៃស៊ុត រហូតដល់បញ្ហាប្រទេសប៉ាណាម៉ា។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា សហរដ្ឋអាមេរិក នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ទី១២ មេសា ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កិច្ចពិភាក្សារវាងបេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff និងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គ្រោងធ្វើនៅថ្ងៃសៅរ៍ ស្អែកនេះ នៅប្រទេសអូម៉ង់។ លោក Rubio បាននិយាយថា «យើងសង្ឃឹមថា វានឹងឈានទៅរកសន្តិភាព។ យើងមានភាពច្បាស់លាស់នូវអ្វីដែលអ៊ីរ៉ង់នឹងលែងផលិត មានដូចជា អាវុធនុយក្លេអ៊ែរជាដើម ហើយនោះជាអ្វីដែលនាំឱ្យមានកិច្ចប្រជុំនេះ» ។