ទាហានកេណ្ឌរុស្ស៊ីរាប់សិបនាក់ បានចូលរួមក្នុងពិធីមួយនៅតំបន់ Rostov ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ មុនពេលពួកគេធ្វើដំណើរទៅកាន់បន្ទាយ។

មនុស្សវ័យក្មេងប្រហែល ១៦០.០០០នាក់ដែលមានអាយុពី១៨ទៅ៣០ឆ្នាំ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ទាប់ពីដំណើរការយុទ្ធនាការកេណ្ឌកងទ័ពមានរយៈពេលពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែកក្កដា ដែលត្រូវបានប្រកាសនៅក្នុងក្រឹត្យរបស់ប្រធានាធិបតី។

អភិបាលរងតំបន់ Rostov លោក Dmitry Vodolatsky បានប្រាប់ទាហានកេណ្ឌថ្មីថា ពួកគេនឹងមិនត្រូវបានដាក់ពង្រាយជាមួយអង្គភាពយោធាដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែននោះទេ។
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញាឆ្នាំមុន បានបញ្ជាឱ្យបង្កើនទំហំកងទ័ពរុស្ស៊ីពី ១៨០.០០០ នាក់ ដល់ ១,៥លាននាក់ ក្នុងសកម្មភាពមួយដែលនឹងធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសមានកងទ័ពច្រើនបំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន។
លោកពូទីន បានបញ្ជាឱ្យបង្កើនទំហំកងកម្លាំងប្រដាប់អាវុធទាំងមូលដល់ ២,៣៨ លាននាក់ ដែលក្នុងនោះលោកបាននិយាយថា ១,៥ លាននាក់ នឹងជាទាហានសកម្ម។
រុស្ស៊ី បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជាវិធានការទប់ស្កាត់អរិភាពនិងឈ្លានពាន ប្រឆាំងលោកខាងលិច ។