រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងពង្រីកបន្ថែមទៀត នូវអ្វីដែលខ្លួនហៅថា តំបន់សន្តិសុខ ក្នុងដែនដីហ្កាហ្សា រួមបញ្ចូលទាំងទីក្រុងរ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងដែនដីហ្កាហ្សា។

អំឡុងដំណើរទៅកាន់តំបន់នោះលោក Israel Katz បានលើកឡើងថា យោធាកំពុងបង្រួមតំបន់ហ្កាហ្សាឲ្យកាន់តែតូច និងឯកាបន្ថែមទៀត ដើម្បីសង្កត់ក ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងដែលកំពុងនៅក្នុងដៃពួកគេ។

យោធាបានក្ដោបក្ដាប់តំបន់ព្រំដែនទាំងស្រុករបស់ដែនដីប៉ាឡេស្ទីន ដែលខ្លួនចាត់ទុកជាតំបន់ទ្រនាប់ដើម្បីទប់ស្កាត់ការវាយប្រហារនានា។ សព្វថ្ងៃដើម្បីតែកម្ចាត់ក្រុមហាម៉ាស អ៊ីស្រាអែលនៅតែបន្តទាំងការទម្លាក់គ្រាប់ពីលើអាកាស ទាំងវាយប្រហារថ្មើរជើង បន្តផ្ដាចក់ជីវិតមនុស្សជាច្រើនរាល់ថ្ងៃ។

ការពង្រីកដើម្បីគ្រប់គ្រងទៅក្រុង Rafah និងតំបន់ជាច្រើនជុំវិញនោះ ដែលបង្កើតបានស្ទើរតែ១ភាគ៥នៃដែនដីហ្កាហ្សា បានកើតមានឡើង ក្រោយយោធាបានចេញបញ្ជាជម្លៀសជនស៊ីវិល និងបង្កើតជាច្រករបៀងថ្មីមួយផ្ដាច់តំបន់ទាំងនោះចេញពីក្បែរទីក្រុង Khan Younis។
២ភាគ៣នៃដែនដីហ្កាហ្សា ត្រូវបានកំណត់ជាតំបន់ហាមឃាត់ ឬដាក់ក្រោមបញ្ជាជម្លៀស ចាប់តាំងពីអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាជាថ្មីវាយលុកលើក្រុមហាម៉ាស កាលពីថ្ងៃទី១៣មីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់រយៈបេល២ខែ សម្លាប់មនុស្សជិត១.០០០នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។
អង្គការខាងលើនិយាយថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ៣៩០.០០០នាក់ ជិត១ភាគ៥ នៃចំនួនពលរដ្ឋសរុប២,១លាននាក់ ត្រូវបានភៀសខ្លួនជាថ្មីទៀត ដោយគ្មានកន្លែងសុវត្ថិដែលត្រូវទៅនោះទេ។
អង្គការសហប្រជាជាតិ ក៏បានព្រមានផងដែរថាការផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ បានអស់ព្រោះតែអ៊ីស្រាអែលបិទផ្លូវនាំជំនួយមនុស្សធម៌ចូលហ្កាហ្សាចាប់តាំងពីថ្ងៃទី២មីនាមក៕