ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១០ មេសា) បាននិយាយថា វឌ្ឍនភាពកំពុងកើតមាន ទាក់ទងនឹងការវិលត្រលប់មកវិញនៃចំណាប់ថ្នូរក្នុងដៃក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ហើយថា លោកកំពុងដោះស្រាយជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតផ្សេងទៀតពីកិច្ចពិភាក្សាទេ។ នៅថ្ងៃដដែលនេះ អាជ្ញាធរប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់ ខណៈខ្លួនបន្តសង្គ្រាមនៅតំបន់ហ៊ុមព័ទ្ធ។

លោក Trump បាននិយាយថា "រឿងចំណាប់ថ្នូរ ភាគីទាំងអស់កំពុងបង្កើតវឌ្ឍនភាព ហើយទោះជាមានតែ ២៤នាក់នៅរស់ ក្នុងចំណោមចំណាប់ថ្នូរសេសសល់ទាំងអស់ ៥៩នាក់ក៏ដោយ ក៏អាមេរិកនៅតែបន្តដោះស្រាយជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស លើរឿងនេះ"។

ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលគេហទំព័រព័ត៌មាន Ynet បានរាយការណ៍ថា បេសកជនរបស់លោក Trump គឺលោក Steve Witkoff ក៏បញ្ជូនសារដ៏ល្អស្រដៀងគ្នានេះទៅកាន់ក្រុមគ្រួសារនៃចំណាប់ថ្នូរថា "កិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់មួយកំពុងនៅលើតុចរចាប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ"។

ទន្ទឹមនឹងនោះ នៅអ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានធ្វើការវាយតម្លៃស្ថានភាពចំណាប់ថ្នូរជាមួយអ្នកចរចា និងប្រធានសន្តិសុខរបស់លោក នេះបើតាមកាសែត The Times of Israel។ ក្នុងចំណោមអ្នកជាប់ឃុំដែលនៅសេសល់នោះ អ៊ីស្រាអែលជឿថា ចំណាប់ថ្នូរ ២៤នាក់នៅតែនៅរស់ក្នុងតំបន់ហ្កាហ្សា ហើយមនុស្ស ៣៥ នាក់បានស្លាប់៕