សហជីពកម្មករធំៗនៅប្រទេសអាហ្សង់ទីន បានចាប់ផ្តើមធ្វើកូដកម្មទ្រង់ទ្រាយធំរយៈពេល២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ទី១០ មេសា បណ្តាលឲ្យរថភ្លើង យន្តហោះ និងកំពង់ផែនានា ត្រូវផ្អាកដំណើរការ ខណៈពួកគេបានតវ៉ាប្រឆាំងវិធានការរឹតត្បិតថវិកាពីរដ្ឋាភិបាលរបស់ប្រធានាធិបតីសេរីនិយម លោក Javier Milei ។

រដ្ឋធានី Buenos Aires មានភាពស្ងប់ស្ងាត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទោះបីជារថយន្តក្រុងសាធារណៈបានដំណើរការជាធម្មតាក៏ដោយ។ ធនាគារ និងសាលារៀន ត្រូវបានបិទ ហើយមន្ទីរពេទ្យរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាល កំពុងដំណើរការដោយមានបុគ្គលិកប្រចាំការតិចតួចបំផុត។

នៅមុនពេលកូដកម្ម កម្មករបានចូលរួមក្នុងការតវ៉ារបស់ក្រុមនិវត្តន៍ជនប្រចាំសប្តាហ៍នៅខាងមុខសភា។ ក្រុមនិវត្តន៍ជន បានមើលឃើញថា មូលនិធិសោធននិវត្តន៍របស់ពួកគេ បានធ្លាក់ចុះ ហើយការតវ៉ារបស់ពួកគេបានបញ្ចប់ដោយអំពើហិង្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុមដែលអាណិតអាសូរនិវត្តន៍ជន ដូចជាអ្នកគាំទ្របាល់ទាត់ បានប៉ះទង្គិចជាមួយនគរបាល។
សហជីពកំពុងទាមទារឱ្យរដ្ឋាភិបាលទទួលយកនិយោជិតដែលត្រូវបានបណ្តេញចេញមកវិញ បើកការពិភាក្សាអំពីប្រាក់បៀវត្សរ៍ឡើងវិញ និងលុបចោលផែនការនានាដើម្បីធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនសាធារណៈមួយចំនួន ក្នុងចំណោមវិធានការផ្សេងៗទៀត។