សហរដ្ឋអាមេរិក បាននិងកំពុងបង្កើនសម្ពាធលើប្រទេសអ៊ីរ៉ង់ មុនពេលកិច្ចពិភាក្សានាពេលខាងមុខ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃសៅរ៍ស្អែកនេះ ក្នុងប្រទេសអូម៉ង់។ ទីក្រុងតេអេរ៉ង់ កំពុងរុញច្រានវិញ ដោយនិយាយថា ខ្លួនអាចនឹងឈប់សហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «ប្រសិនបើត្រូវការយោធា យើងនឹងមានយោធា ហើយអ៊ីស្រាអែល ច្បាស់ជាចូលរួមយ៉ាងខ្លាំងក្នុងបញ្ហានេះ ដែលនឹងក្លាយជាអ្នកដឹកនាំ ប៉ុន្តែគ្មាននរណាម្នាក់មកដឹកនាំយើងទេ។ យើងធ្វើអ្វីៗដែលយើងចង់ធ្វើ»។ លោកនិយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ។

លោក Ali Shamkhani ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមាននៅលើបណ្តាញ X កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក អាចនឹងចាត់វិធានការទប់ទល់ការវាយប្រហារដោយយោធាណាមួយ។ លោកនិយាយថា ចំណាត់ការ អាចរួមមានទាំងការបណ្ដេញក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារIAEA ឬផ្លាស់ប្តូរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅកាន់ទីតាំងសុវត្ថិភាព និងមិនត្រូវបានបង្ហាញ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅក្នុងទីក្រុងតេអេរ៉ង់ ដោយបានសង្កត់ធ្ងន់ថា កម្មវិធីនុយក្លេអ៊ែរគឺសម្រាប់គោលបំណងដោយសន្តិវិធីប៉ុណ្ណោះ។ លោកបាននិយាយថា មេដឹកនាំកំពូលនឹងស្វាគមន៍ការវិនិយោគរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ង់ ដោយបាននិយាយបង្ហើបថា រឿងនេះអាចកើតឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្ម។