នៅសុក្រនេះ មានរយៈពេលពីរសប្តាហ៍ ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លា បានវាយប្រហារសហភាពមីយ៉ាន់ម៉ាភាគកណ្តាល។ អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង ៥០០.០០០នាក់នៅទូទាំងសហភាពនេះ ត្រូវបានបន្សល់ទុកការមិនទទួលបានការថែទាំសុខភាពសង្គ្រោះជីវិត។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា។ យោធាមីយ៉ាន់ម៉ា បាននិយាយថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្ស ៣.៦៤៩នាក់ស្លាប់ និង៥.០១៨នាក់ផ្សេងទៀតរងរបួស និងបាននិយាយថាមនុស្ស១៤៥នាក់ទៀត នៅបាត់ខ្លួននៅឡើយ។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ បាននិយាយថា របាយការណ៍ចុងក្រោយ បង្ហាញពីការខូចខាតនៅបន្តដល់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមជ្ឈមណ្ឌលថែទាំសុខភាពចំនួន១៩៣កន្លែងផងដែរ។ អង្គការនេះ បាននិយាយថា បុគ្គលិកសុខាភិបាល កំពុងរាយការណ៍ពីកង្វះការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗជាច្រើន។
អ្នកតំណាងពលរដ្ឋមីយ៉ាន់ម៉ានៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬ UNDP បាននិយាយថា គ្រួសារជាច្រើនកំពុងរស់នៅតាមដងផ្លូវ ក្នុងសីតុណ្ហភាពដែលអាចហក់ឡើងដល់៤០អង្សាសេ។ លោកបាននិយាយថា «ទោះបីជាលំនៅឋានរបស់ពួកគេនៅតែឈរដោយសុវត្ថិភាពក៏ដោយ ក៏ពួកគេខ្លាចមិនទាន់ហានចូលទៅដែរ»។
អ្នកតំណាងអង្គការ UNDP បានព្រមានថា របាយការណ៍នៃជំងឺអាសន្នរោគ ជំងឺរលាកថ្លើម និងគ្រុនពោះវៀន កំពុងលេចចេញ។ លោកបានសង្កត់ធ្ងន់ថា «ការយកចិត្តទុកដាក់របស់ពិភពលោក និងការប្តេជ្ញាចិត្តដោយនិរន្តរភាព នឹងមានសារៈសំខាន់ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា ពីមហន្តរាយ» ។