មជ្ឈមណ្ឌលឧតុនិយមភូមិភាគខាងត្បូងរបស់វៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រ (១១ មេសា) នេះថា គម្របពពកកើនឡើង ហើយភ្លៀងធ្លាក់កក់ខែនឹងកាន់តែញឹកញាប់ ជាពិសេសនៅចុងសប្តាហ៍នេះ ដោយជួយបន្ធូរបន្ថយរលកកម្ដៅដ៏ខ្លាំងក្លា។ ទោះយ៉ាងណាក៏ដោយ អាកាសធាតុក្តៅនឹងបន្តកើតមាននៅតំបន់ខ្លះ ខណៈភ្លៀងធ្លាក់កម្រិតធ្យម ត្រូវបានព្យាករនៅក្នុងតំបន់មួយចំនួនរបស់វៀតណាម។

ប្រធានផ្នែកព្យាករនៅមជ្ឈមណ្ឌលអាកាសធាតុភូមិភាគខាងត្បូង បាននិយាយថា រដូវវស្សានៅភាគខាងត្បូងវៀតណាម អាចចាប់ផ្តើមលឿនជាងធម្មតា ដែលអាចកើតមាននៅត្រឹមសប្តាហ៍ចុងក្រោយនៃខែមេសា ដែលនឹងមាន ៥ ទៅ ១០ថ្ងៃមុនមធ្យមភាគរយៈពេលវែង។

ដោយឡែកសម្រាប់ថ្ងៃសុក្រនេះ តំបន់ភាគខាងត្បូងអាចមានពពកខ្មៅមួយផ្នែក ជាមួយនឹងអាកាសធាតុដែលមានពន្លឺថ្ងៃ និងក្តៅ ជាពិសេសនៅទូទាំងខេត្តភាគអាគ្នេយ៍។ អ្នកឧតុនិយមបានព្រមានថា ខ្យល់កន្ត្រាក់ ផ្លេកបន្ទោរ និងខ្យល់កួច អាចនឹងកើតមានអមជាមួយខ្យល់ព្យុះរយៈពេលខ្លីជាច្រើន។

ទាក់ទងនឹងរលកកម្ដៅដែលកំពុងគ្របដណ្ដប់ប្រទេស ខេត្ត Ba Ria-Vung Tau ភាគអាគ្នេយ៍ និងតំបន់ភាគនិរតីរបស់វៀតណាម ដែលត្រូវបានគេស្គាល់ថាជាដីសណ្ដទន្លេមេគង្គ អាចនឹងមានសីតុណ្ហភាពខ្ពស់ក្នុងចន្លោះពី ៣២ ទៅ ៣៥ អង្សាសេ៕