អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃសុក្រ (១១ មេសា) នេះថា អ៊ីរ៉ង់កំពុងផ្តល់នូវ "ឱកាសពិតប្រាកដមួយ" ក្នុងកិច្ចពិភាក្សាជាមួយសត្រូវធំរបស់ខ្លួនគឺសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅចុងសប្តាហ៍នេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់នៅប្រទេសអូម៉ង់ ក្នុងថ្ងៃសៅរ៍ ១២ មេសា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយក៏បានព្រមានថា សាធារណរដ្ឋអ៊ិស្លាមមួយនេះនឹងស្ថិតក្នុង "គ្រោះថ្នាក់ខ្លាំង" ប្រសិនបើការចរចាមិនបានជោគជ័យ។

សេចក្តីប្រកាសនោះបានធ្វើឱ្យមានភាពច្របូលច្របល់មួយចំនួន ដោយសារតែអ៊ីរ៉ង់បាននិយាយថា កិច្ចចរចានោះនឹងមានលក្ខណៈប្រយោលប៉ុណ្ណោះ ដោយអូម៉ង់ដើរតួជាអ្នកសម្រុះសម្រួល។ អ៊ីរ៉ង់ កាលពីមុនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមិនត្រូវបានគេសម្លុតឱ្យចរចានោះទេ ប៉ុន្តែក៏និយាយថា អាមេរិកគួរតែផ្តល់តម្លៃលើការសម្រេចចិត្តចរចានេះ បើទោះបីជា "មានការប្រឈមមុខដាក់គ្នាក៏ដោយ"។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា កិច្ចចរចានឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបេសកជនរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff ដោយមានអន្តរការីពីរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi៕