ជាមួយនឹងការដំឡើងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាកក្នុងរយៈពេល ៩០ថ្ងៃ បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហភាពអឺរ៉ុប នៅថ្ងៃសុក្រ (១១ មេសា) នេះ នឹងរួមគ្នាបំផុសគំនិតអំពីរបៀបប្រើប្រាស់ឱកាសនោះដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន និងមធ្យោបាយសម្របសម្រួលកិច្ចខិតខំរបស់ពួកគេ ដើម្បីដោះស្រាយពន្ធខ្ពស់ ប្រសិនបើពួកគេរកមិនបានកិច្ចព្រមព្រៀង។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាក ៩០ថ្ងៃចំពោះពន្ធ ២០% ដែលលោកបានដាក់លើអឺរ៉ុប នៅថ្ងៃទី០២ ខែមេសា ខណៈអត្រាមូលដ្ឋាន ១០% គឺនៅតែជាធរមាន ដូចប្រទេសដទៃទៀតនៅទូទាំងពិភពលោក។ លោកក៏និយាយថា លោករំពឹងថា អឺរ៉ុបនឹងទិញប្រេង និងឧស្ម័នរបស់អាមេរិកបន្ថែមទៀត ដែលជាផ្នែកមួយនៃការធ្វើឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្ម។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប ដែលចូលរួមក្នុងការរៀបចំកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ បាននិយាយថា "ឱកាស ៩០ថ្ងៃនេះគឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ព្រោះមានន័យថា ឥឡូវនេះអឺរ៉ុបអាចមានពេលរៀបចំយុទ្ធសាស្រ្ត និងត្រៀមខ្លួន ក្នុងករណីដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក"។

កិច្ចចរចារជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការបញ្ចៀសពន្ធខ្ពស់ទាំងអស់ ត្រូវរ៉ាប់រងដោយគណៈកម្មការអឺរ៉ុប ដែលទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មសហភាពអឺរ៉ុបទាំង២៧ ប្រទេស។ ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយអាមេរិកលើពាណិជ្ជកម្មក្នុងពេល ៣ខែខាងមុខ រួមនឹងលទ្ធភាពនៃសំណើពន្ធសូន្យរបស់ប្លុកអឺរ៉ុប លើទំនិញឧស្សាហកម្មទាំងអស់ពិតមែន នោះបញ្ហានានានឹងត្រូវបានដោះស្រាយ៕