មន្ត្រីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នាក្នុងប្រទេសទួរគី ដើម្បីពិភាក្សាអំពីវិធីនៃការធ្វើឱ្យមានប្រក្រតីភាពនៃប្រតិបត្តិការរបស់ស្ថានទូតរបស់ប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី និយាយថា អ្នកការទូតអាមេរិកនិងរុស្ស៊ី បានជួបពិភាក្សាគ្នារយៈពេល៥ម៉ោងកន្លះ នៅស្ថានអគ្គកុងស៊ុលរុស្ស៊ី ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍។
តាមសេចក្តីរាយការណ៍ ក្រុមមន្ត្រីបានព្រមព្រៀងដើម្បីធ្វើឱ្យអ្នកការទូតកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងទទួលបានទិដ្ឋាការ។ ទីភ្នាក់ងារនេះ ក៏និយាយផងដែរថា ភាគីទាំងពីរបានពិភាក្សាអំពីតម្រូវការក្នុងការបន្តសេវាផ្លូវអាកាសដោយផ្ទាល់រវាងប្រទេសទាំងពីរ។ ភាគីរុស្ស៊ី ត្រូវបានគេនិយាយថា ចង់បានទ្រព្យសម្បត្តិការទូតដែលត្រូវបានរឹបអូស ត្រូវបានប្រគល់ឲ្យវិញ។
ប្រភពការទូតរុស្ស៊ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា កិច្ចពិភាក្សាចុងក្រោយ គឺអំពីតែទំនាក់ទំនងការទូតទ្វេភាគីប៉ុណ្ណោះ ហើយបញ្ហាអ៊ុយក្រែនមិនស្ថិតក្នុងរបៀបវារៈនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ពុំមានអ្វីពាក់ព័ន្ធជាមួយរឿងអ៊ុយក្រែន ទេ។