អង្គការមិនមែនរដ្ឋាភិបាល Sudanese Doctors Network បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស១៦នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស ក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំ កាលពីថ្ងៃព្រហស្បតិ៍ធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស(RSF) ទៅលើជំរំជនភៀសខ្លួនមួយកន្លែងនៅប្រទេសស៊ូដង់ភាគខាងលិច។
សេចក្តីថ្លែងការណ៍និយាយថា កងកម្លាំងគាំទ្ររហ័ស(RSF) បានចាប់ផ្តើម «ការវាយប្រហារដោយកាំភ្លើងធំដោយចេតនា» ទៅលើជំរំភៀសខ្លួន Abu Shouk នៅទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្ម័គ្រចិត្ត Emergency Room បាននិយាយថា អ្នកស្លាប់មាន១៦ នាក់ ខណៈអ្នករងរបួសមាន ២៥ នាក់។
កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងគាំទ្ររហ័ស(RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបង្កើតការគ្រប់គ្រងពេញលេញលើមូលដ្ឋានយុទ្ធសាស្ត្រ ក្រុង Um Kadada ក្នុងរដ្ឋ North Darfur ដែលបានសម្លាប់អ្នកប្រយុទ្ធរាប់រយនាក់មកពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងរឹបអូសបាន «រថយន្តប្រយុទ្ធបំពាក់យ៉ាងពេញលេញមានអាវុធ និងគ្រាប់រំសេវជាច្រើន» ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ។
ក្រុមឃ្លាំមើលវិបត្តិដែលបាននិយាយលើកឡើងដោយអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសស៊ូដង់ បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩.៦៨៣នាក់ ហើយយោងតាមការប៉ាន់ប្រមាណពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយឲ្យដឹងថា ជម្លោះ បានធ្វើឱ្យមនុស្សជាង១៥លាននាក់ភៀសខ្លួនទាំងនៅក្នុង និងក្រៅប្រទេសស៊ូដង់។