ភ្នំពេញ៖ មន្ត្រីកងទ័ពនៅយោធភូមិភាគទី៥ បានធ្វើការអំពាវនាវទៅប្រជាពលរដ្ឋ កុំមានការចាញ់បោកជនខិលខូច ទៅភូតកុហកបោកប្រាស់ប្រជាពលរដ្ឋ ថាភូមិភាគទី៥ ចែកដីជូនប្រជាពលរដ្ឋ នៅទីតាំងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង កំពុងចាញ់បោកជនទាំងនោះ ។
យោងតាមមន្ត្រីកងទ័ពភូមិភាគទី៥ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ឥឡូវមានករណីថ្មីមួយ គឺមានជនខិលខូច បានទៅបំផុសបំផុលប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត ឲ្យទៅទទួលដីនៅចំណុចចិនយំ ស្ថិតក្នុងស្រុកវាលវែង ដោយកុហកថា យោធភូមិភាគទី៥ ចែកដីម្នាក់ចំនួន ៥ហិកតា ។
មន្ត្រីដដែល បានបញ្ជាក់ថា ភូមិភាគទី៥ គ្មានដីណាសម្រាប់ចែកប្រជាពលរដ្ឋ ហើយគ្មានគម្រោងចែកដីជូនពលរដ្ឋទេ សូមមានការជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហានេះ ខណៈមានប្រជាពលរដ្ឋនៅស្រុកសំឡូត បានឡើងទៅស្រុកវាលវែង ។
មន្ត្រីខាងលើ បានបន្ថែមថា បញ្ហានេះប្រយ័ត្នចាញ់បោកពួកមេខ្យល់ សូមឲ្យពួកគាត់ផ្អាកសកម្មភាពជាបន្ទាន់ ខ្លាចជនខិលខូចទាំងអស់នោះ យកលុយធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ខាតពេលវេលា ព្រោះភូមិភាគទី៥ គ្មានដីមកពីណា ចែកជូនប្រជាពលរដ្ឋ រាប់រយ រាប់ពាន់នាក់ បែបនេះទេ ៕