តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Kaja Kallas បាននិយាយថា ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប បានជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច សម្រាប់បំពេញតម្រូវការរបស់អ៊ុយ ក្រែន។
លោកស្រី បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ERR របស់ប្រទេសអេស្តូនីថា៖«នៅពេលនិយាយអំពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនោះ យើងកំពុងពិភាក្សាជាមួយរដ្ឋជាសមាជិកទាំង២៧។ យើងកំពុងរៀបចំ ស្របពេលមានហានិភ័យជាក់លាក់ ហើយយើងត្រូវរកវិធី ដើម្បីដោះស្រាយពួកគេ។ ក្រៅពីនេះ ប្រទេសមួយចំនួន មានការប្រឆាំងយ៉ាងដាច់ហង្ការចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី»។
លោកស្រី Kallas បានបដិសេធមិនបញ្ចេញឈ្មោះប្រទេសទាំងនោះ។ ប្រមុខរបស់សហភាពអឺរ៉ុបរូបនេះ បានបន្ថែមថា៖«ខ្ញុំនឹងមិនដាក់ឈ្មោះពួកគេទេ ប៉ុន្តែអ្នកអាចអានអំពីអ្វីគ្រប់យ៉ាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយនឹងមិនពិបាកក្នុងការដោះស្រាយបញ្ហានេះទេ»។
លោកស្រី Kallas បានប្រកាសនាពេលកន្លងទៅថា សហភាពអឺរ៉ុប មានបំណងផ្តល់ឲ្យអ៊ុយក្រែននូវប្រាក់ចំណេញចំនួន ២,១ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកនោះ។
សហភាពអឺរ៉ុប កាណាដា អាមេរិក និងជប៉ុន បានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ។ ក្នុងចំណោមនោះ ប្រហែល ៥-៦ ពាន់លានដុល្លារ ត្រូវបានកាន់កាប់ នៅសហរដ្ឋអាមេរិក ខណៈដែលភាគច្រើននៃពួកវា នៅអឺរ៉ុប រួមទាំងនៅក្រុមហ៊ុនទីផ្សារមូលធន Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកប្រាក់ ២១០ពាន់លាន ដុល្លារ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានព្រមានមុននេះថា ទីក្រុងមូស្គូ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាការឆ្លើយតបទៅនឹងការផ្ទេរប្រាក់ចំណេញដ៏មានសក្តានុពល ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។