ក្រុមអាជ្ញាធរហ្វីលីពីន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងតាមរកចាប់ខ្លួនជនល្មើសនៅពីក្រោយការចាប់ជម្រិត និងសម្លាប់មហាសេដ្ឋីជាអ្នកជំនួញកូនកាត់ហ្វីលីពីន-ចិនលោក Congyuan Guo ។
លោក Guo ដែលគេស្គាល់ផងដែរថាមានឈ្មោះ Anson Que ត្រូវបានគេប្រទះឃើញស្លាប់ជាមួយមនុស្សម្នាក់ផ្សេងទៀតនៅតាមផ្លូវនៅខេត្ត Rizal កាលពីថ្ងៃពុធ ។ គេរាយការណ៍ថា លោក Guo ត្រូវបានចាប់ជម្រិតកាលពីថ្ងៃទី ២៩ ខែមីនា ហើយបានបាត់ខ្លួនជាអ្នកបើកបររថយន្តរបស់លោក ។

កាលពីថ្ងៃអង្គារ ទី ៨ ខែមេសា ក្រុមអ្នកស៊ើបអង្កេត បានរកឃើញរថយន្តមួយគ្រឿងដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយក្រុមជនល្មើស ពេលដែលពួកគេចាប់ជម្រិតលោក Guo ។
លោក Jean Fajardo គឺជាអ្នកនាំពាក្យនគរបាលជាតិហ្វីលីពីន និយាយថា ពួកគេកំពុងព្យាយាមកំណត់មូលហេតុនៃឃាតកម្មនេះ ចាប់តាំងពីជនល្មើសត្រូវបានគេរាយការណ៍ថា បានទាមទារប្រាក់លោះ ប៉ុន្តែក្រោយមកបានសម្លាប់ជនរងគ្រោះទៅវិញ ។
ដោយឡែកលោក Claire Castro គឺជាអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោកប្រធានាធិបតី Ferdinand Marcos បានបញ្ជាក្រុមនគរបាល ឲ្យផ្តល់អាទិភាពលើករណីឃាតកម្មមួយនេះ និងតាមចាប់ខ្លួនអ្នកទទួលខុសត្រូវ ៕

