ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា)ថា រដ្ឋាភិបាលរបស់ប្រទេសកុងហ្គោ និងក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ៉្វាន់ដា កំពុងជួបប្រជុំគ្នា នៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់ គឺប្រទេសកាតា ដើម្បីចរចាគ្នា ដែលនេះជាការជំរុញថ្មី ដើម្បីស្វែងរកសន្តិភាពក្នុងជម្លោះ នៅភាគខាងកើតប្រទេសកុងហ្គោ ជាកន្លែងដែលពួកបះបោរបានដណ្តើមកាន់កាប់ដែនដីយ៉ាងធំ។
ជម្លោះដែលមានរយៈពេលជាច្រើនទស្សវត្សរ៍មកហើយនេះ បានឡើងកម្ដៅខ្លាំងកាលពីខែមករា នៅពេលដែលក្រុមឧទ្ទាម M23 បានរុលទៅមុខ និងដណ្តើមកានន់កាប់ទីក្រុងភាគខាងកើតជាយុទ្ធសាស្ត្រ គឺ Goma ហើយបន្ទាប់មកទីក្រុង Bukavu ក្នុងខែកុម្ភៈ។ ការប្រយុទ្ធគ្នានេះ បានសម្លាប់មនុស្សប្រហែល ៣.០០០នាក់ និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗ ដែលសង្គ្រាមក្នុងតំបន់ នឹងរីករាលកាន់តែធំទៅៗ។
យោងតាមមន្ត្រីមកពីភាគីទាំង២ បានឲ្យដឹងថា គណៈប្រតិភូមកពីរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាម M23 ក៏បានជួបប្រជុំគ្នាផងដែរ កាលពីថ្ងៃពុធ នៅទីក្រុងដូហា រដ្ឋធានីរបស់ប្រទេសកាតា។ មន្ត្រីទាំងនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនមានសិទ្ធិពិភាក្សាពីការចរចានេះជាសាធារណៈនោះឡើយ។
កិច្ចពិភាក្សានេះ កើតមានឡើងបន្ទាប់ពីមានកិច្ចប្រជុំដែលសម្របសម្រួលដោយកាតា នាពេលថ្មីៗនេះ រវាងប្រធានាធិបតីកុងហ្គោ និងរ៉្វាន់ដា នៅទីក្រុងដូហា និងកិច្ចខិតខំប្រឹងប្រែងមិនជោគជ័យរបស់ប្រទេសជិតខាង ក្នុងការធ្វើឲ្យភាគីទាំង២ វិលទៅរកការសន្ទនាឡើងវិញ និងប្តេជ្ញាចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលពួកគេបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពាន៕