ក្រសួងហិរញ្ញវត្ថុ នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ បានឲ្យដឹងថា ប្រទេសចិននឹងដំឡើងពន្ធដល់ ១២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២ ខែមេសាតទៅ ពោលគឺឡើងពីអត្រា ៨៤ភាគរយដែលបានប្រកាសនៅមុននេះ។
ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ពន្ធបន្ថែមលើទំនិញចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកនោះ ប្រទេសចិននឹងមិននៅស្ងៀមឡើយ ព្រោះទំនិញរបស់សហរដ្ឋអាមេរិក នឹងលែងមានតម្លៃផ្នែកសេដ្ឋកិច្ច សម្រាប់អ្នកនាំចូលទៀតហើយ។

ការដំឡើងកម្រិតកាន់តែខ្ពស់នេះ កើតមានឡើងបន្ទាប់ពីសេតវិមាន បានបន្តដាក់សម្ពាធលើចិន ដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេបំផុតទី២ របស់សហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានដំឡើងអត្រាពន្ធបន្ថែមលើទីក្រុងប៉េកាំង ខណៈដែលខ្លួនបានផ្អាកភាគច្រើននៃពន្ធ «បដិការ» ដែលដាក់លើប្រទេសរាប់សិបផ្សេងទៀត។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានបញ្ជាក់ថា៖ «ការដាក់ពន្ធរបស់អាមេរិកលើប្រទេសចិនខ្ពស់ខុសពីធម្មតា បានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភនិច្ឆ័យ ហើយគឺជាការគំរាមកំហែង និងការបង្ខិតបង្ខំទាំងស្រុងជាឯកតោភាគី»៕

