អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងវិលត្រលប់ទៅគេហដ្ឋានឯកជនរបស់លោកវិញ នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ ដោយចាកចេញពីនិវេសនដ្ឋានផ្លូវការ ដោយហ្វូងមនុស្ស ដែលទាំងជាអ្នកគាំទ្រ និងអ្នកប្រឆាំង ត្រូវបានរំពឹងថា នឹងចេញមកមកស្វាគមន៍ក្បួនដង្ហែររថយន្តរបស់លោក បន្ទាប់ពីត្រូវបានដកតំណែង កាលពីមួយសប្តាហ៍មុន។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានតម្កល់ការចោទប្រកាន់ទម្លាក់តំណែង ចំពោះលោក Yoon ដោយបញ្ចប់រយៈពេល ៤ខែនៃភាពចលាចលរដ្ឋធម្មនុញ្ញដែលមិនធ្លាប់មានពីមុន បន្ទាប់ពីការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹកកាលពីខែធ្នូ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី។
ឥឡូវនេះ ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៣ ខែមិថុនា ហើយសំណួរនៅតែមានថា តើលោក Yoon អាចនៅតែមានតួនាទីយ៉ាងដូចម្ដេច ដោយសារការចោទប្រកាន់ទម្លាក់តំណែង ចំពោះរូបលោក ហាក់ដូចជាបង្កឲ្យមានភាពបែកបាក់យ៉ាងស៊ីជម្រៅ នៅក្នុងសង្គម និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍អ្នកគាំទ្រអភិរក្សនិយមរបស់លោក។
អតីតប្រធានាធិបតី នៅតែប្រឈមមុខនឹងការកាត់ក្តី ជុំវិញការចោទប្រកាន់ ដែលថា លោកបានដឹកនាំការបះបោរ ជាការចោទប្រកាន់ដែលនាំឲ្យមានទោសប្រហារជីវិត ឬជាប់ពន្ធនាគារមួយជីវិត ប្រសិនបើលោកត្រូវបានផ្ដន្ទាទោស៕