រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេហ្ស៊ីបកំពុងខិតខំប្រឹងប្រែង កាន់តែខ្លាំងឡើង មិនគិតពីនឿយហត់ និងដោយស្មោះ ដើម្បីបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សាស្ទ្រីប និងស្តារបទឈប់បាញ់ឡើងវិញ។
ប្រមុខការទូតរបស់អេហ្ស៊ីប បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួម នៅក្នុងទីក្រុងគែរ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto។
ដោយសំដៅលើសំណើរបស់អេហ្ស៊ីបសម្រាប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលមួយចំនួនដែលក្រុមហាម៉ាស បានឃុំខ្លួន ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល លោក Abdelatty បានសង្កត់ធ្ងន់ថា អេហ្ស៊ីបព្យាយាមឈានដល់ដំណាក់កាលស្ងប់ស្ងាត់នៅតំបន់ហ្កាហ្សា ដោយត្រួសត្រាយផ្លូវសម្រាប់ការត្រឡប់ទៅកិច្ចព្រមព្រៀងឈប់បាញ់ខែមករា និងចូលការចរចាលើដំណាក់កាលទី២នៃកិច្ចព្រមព្រៀងនេះ។
លោកក៏បាននិយាយអំពីផែនការអារ៉ាប់-ឥស្លាមសម្រាប់ការស្តារឡើងវិញ និងកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដោយមិនបាច់ជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីស្រុកកំណើត ដោយគូសបញ្ជាក់ថា ផែនការនេះ ត្រូវបានស្វាគមន៍ដោយដៃគូអន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ។
លោក Abdelatty បានបញ្ជាក់ពីការខ្នះខ្នែងរបស់ប្រទេសអេហ្ស៊ីប ក្នុងការរៀបចំសន្និសីទអន្តរជាតិសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលបន្តបទឈប់បាញ់ឡើងវិញ។
លោកបានបញ្ជាក់ឡើងវិញនូវ «ការបដិសេធទាំងស្រុង» របស់អេហ្ស៊ីប ចំពោះការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ក្រោមលេសណាមួយ មិនថាស្ម័គ្រចិត្ត ឬបង្ខំ បណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ដោយហៅការជម្លៀសថា ជា «បន្ទាត់ក្រហម»។