ក្រោយជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយថា លោកចង់ឲ្យមានទំនាក់ទំនងប្រកបដោយតុល្យភាពជាងមុនរវាងចិន និងសហភាពអឺរ៉ុប(EU) ដោយផ្អែកលើកិច្ចចរចា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាផលប្រយោជន៍រួម ។
ដំណើរទស្សនកិច្ចរបស់លោក Sanchez មានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធ ស្របពេលកើតមានភាពច្របូកច្របល់សកលបង្កឡើងដោយសារគោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដូចជាកំណត់ទីតាំងរបស់អេស្ប៉ាញជាគូសន្ទនារវាងចិន និង EU ហើយនិងទាក់ទាញការវិនយោគទុនរបស់ចិន ។

ពេលចាប់ផ្តើមជំនួបរបស់ពួកគេ លោក Sanchez និយាយថា អេស្ប៉ាញយល់ឃើញថា ចិនគឺជាដៃគូរបស់ EU ។ លោកនិយាយទៀតថា លោកគិតថា វាសំខាន់ខ្លាំងណាស់ឲ្យចិនរសើបចំពោះតម្រូវការស្របច្បាប់ លើបញ្ហាដែលអេស្ប៉ាញ និងអឺរ៉ុបត្រូវមានទំនាក់ទំនងប្រកបដោយតុល្យភាពជាងមុន ។
គួរឲ្យដឹងថា EU បានចាត់ទុកចិនជាផ្លូវការថា ជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ជាគូប្រកួតប្រជែងសេដ្ឋកិច្ច និងគូប្រជែងជាប្រព័ន្ធនៅក្នុងយុទ្ធសាស្រ្តឆ្នាំ ២០១៩របស់ពួកគេ ៕

