ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសបូលីវី បានបង្កឲ្យមានក្តីកង្វល់ចំពោះការកើនឡើងករណីជំងឺឆ្លង ជាពិសេសគឺជំងឺអាសន្នរោគ ។
នៅតំបន់ជនបទ Beni ជិតព្រំដែនជាមួយប្រទេសប្រេស៊ីល វាលស្មៅដ៏ធំល្វឹងល្វើយធ្លាប់ជាកន្លែងដែលសត្វគោក្របីស្វែងរកចំណី ត្រូវបានជន់លិចទាំងស្រុង ។
អ្នកស្រី Doris Dos Santos និងសមាជិក ៤៥គ្រួសារផ្សេងទៀតនៅក្នុងសហគមន៍របស់គាត់ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។
អ្នកស្រី Dos Santos បាននាំចៅៗរបស់គាត់ ៤នាក់ទៅកាន់ទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ឡើងដល់សួនមុខផ្ទះរបស់គាត់ ។
អ្នកស្រីនិយាយថា ជាការពិតណាស់ថា មនុស្សមិនអាចរស់នៅក្នុងទឹកបានទេ ។ គាត់មានចៅដែលទើបជាសះស្បើយពីជំងឺផ្តាសាយ ហើយគាត់ក៏ឈឺផងដែរ ។
ខណៈពេលនោះដែរ ក្រុមគ្រពេទ្យបឋមសង្រ្គោះបន្ទាន់ បានចែកចាយឱសថចាំបាច់ និងគ្រឿងផ្គត់ផ្គង់ដល់គ្រួសារជម្លៀសខ្លួន ហើយក្រសួងសុខាភិបាលបូលីវី និយាយថា មនុស្ស ៤ពាន់នាក់ ទទួលបានជំនួយទាំងនេះ ។
លោក Marcela Siles Chavez គឺជាគ្រូពេទ្យក្នុងស្រុកមួយរូប និយាយថា ភាពកខ្វក់ បណ្តាលឲ្យកើតមានបញ្ហាសុខភាពច្រើនណាស់ ។ លោកថា ជាទូទៅ អ្វីដែលពួកយើងមើលឃើញនៅពេលនេះដោយសារទឹកជំនន់ គឺជំងឺអាសន្នរោគ និងជំងឺផ្លូវដង្ហើមស្រួចស្រាវ ។

នៅតាមទីក្រុងជាច្រើន ដូចជាទីក្រុង Puerto Almacen និងទីក្រុង Puerto Ballivian គ្រួសារទាំងមូល បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ និងស្វែងរកទីជម្រកបណ្តោះអាសន្ននៅតាមផ្លូវ ។
អ្នកស្រី Mayra Peralta គឺជាជនរងគ្រោះមួយរូប ដោយសារទឹកជំនន់ និយាយថា ពួកយើងបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកយើង ។ ជារៀងរាល់ថ្ងៃ ទឹកបានឡើងជាបន្តបន្ទាប់ ។
នៅទីក្រុង Loma Calatayud កសិករ Jesus Martinez បង្ហាញវាលស្រែរបស់លោករងការជន់លិច ហើយដំណាំដំឡូងមីរបស់លោក ខូចខាតគ្មានសេសសល់ ។
ទឹកជំនន់បូលីវីនៅរដូវវស្សានេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥៩ម៉ឺននាក់ និងបានសម្លាប់មនុស្សយ៉ាងហោច ៥៥នាក់ ។
យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ ជួនកាលបង្កគ្រោះរាំងស្ងួត ហើយជួនកាលទៀតបង្កឲ្យមានទឹកជំនន់ ៕


