សៀមរាប ៖ សមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញនៅក្រៅប្រទេស ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព ក៏ដូចជាពង្រឹងចំណេះបន្ថែមទៀតដល់សមាជិករបស់ខ្លួន ក្នុងការព្យាបាលជម្ងឺសើស្បែក ជូនដល់ប្រជាពលរដ្ឋនៅកម្ពុជា ។
កិច្ចប្រជុំនេះធ្វើឡើង នៅខេត្ដសៀមរាប តាមប្រព័ន្ធហ៊្សូម មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៤ខែធ្នូឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា នេះជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងក្រុមគ្រូពេទ្យជំនាញ បានបើកកិច្ចប្រជុំពង្រឹងសាមគ្គីភាព ក៏ដូចជាសមត្ថភាពរបស់ខ្លួន បន្ថែមទៀតដល់ក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាលជំងឺសើស្បែកដល់ប្រជាពលរដ្ឋខ្មែរឱ្យមានប្រសិទ្ធិភាពស្របតាមស្ដង់ដារក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតបន្ដថា ជម្ងឺសើស្បែកដែលលោកបានជួបប្រទះជាច្រើនមកហើយ និងបានលើកយកមកបង្ហាញក្នុងកិច្ចប្រជុំ និងឱ្យអ្នកជំនាញផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងនោះមានដូចជា ជម្ងឺតាអក ជម្ងឺតាអកនេះ ជាជម្ងឺមួយដែលកើតឡើងដោយសារការបះ ហើយរោល ឬហៅថា ( អាឡែកស៊ី ) ក្រៅពីនេះមានជម្ងឺ ផ្សឹតសើស្បែក ជម្ងឺដែលបណ្ដាលមកពីបាក់តេរីសើរស្បែក មានដូចជារើម ជម្ងឺពងបែកជាដើម ជម្ងឺមុខកើតមុន ជម្ងឺជាំមុខ ជម្ងឺឃ្លង់ល្ពៅ និងជម្ងឺកន្ទាលត្រអាក។លោកបន្ដថា ការប្រើផលិតផលសើស្បែកដែលមិនមានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ របស់ក្រសូងសុខាភិបាល បណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយផលិតផលទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដោយមិនមានការអនុញ្ញាត។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានបន្ថែមថា ទោះបីជំងឺប្រភេទសើស្បែកបែបណាក៏ដោយ សូមកុំទុកយូរ រហូតទៅដល់ការរាលដាលធ្ងន់ធ្ងរឲ្យសោះ នៅពេលដែលយើងដឹងថា សុខភាពមិនស្រួល ឬអាការៈស្បែក មានសភាពកន្ទួលខុសប្លែក គួរឲ្យសង្ស័យ គឺយើងត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយផងដែរ។
លោក ក៏បានអំពាវនាវដល់ពលរដ្ឋអោយពិនិត្យទៅលើផលិតផលថែទាំស្បែក ឬឡេលាបស្បែក ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអោយបានច្បាស់លាស់មុននឹងទិញវាមកប្រើ។ជាមួយគ្នានោះ សមាគមក៏បានជ្រើសរើសថ្នាក់ដឹកនាំថ្មីអោយបន្ដវេនក្នុងរយៈពេលពីរឆ្នាំម្ដង បន្ទាប់ពីបានបង្កើតឡើងអស់រយៈពេលជាឆ្នាំកន្លងមកហើយនោះ ។
លោក បានបន្ដថា ក្រោយពីមានការបង្កើតឡើង សមាគមគ្រូពេត្យសើស្បែកកម្ពុជា ប្រជាពលរដ្ឋនិងក្រុមគ្រូពេទ្យ ហាក់មានការយកចិត្ដទុកដាក់ខ្លាំងក្នុងការព្យាបាលជំងឺ៕



