នាយកទីភ្នាក់ងារពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ បាននិយាយថា ការដំឡើងពន្ធគយយ៉ាងទូលំទូលាយ ពីប្រធានាធិបតីអាមេរិកលោក Donald Trump និងវិធានការតបត អាចជះឥទ្ធិពល «ដ៏មហន្តរាយ» ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយរងផលប៉ះពាល់ខ្លាំងជាងការកាត់បន្ថយជំនួយបរទេសទៅទៀត។
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានឲ្យដឹងថា ពាណិជ្ជកម្មសកល អាចធ្លាក់ចុះពី ៣ ទៅ ៧ភាគរយ ហើយផលិតផលក្នុងស្រុកសរុបសកល ០,៣ភាគរយ ដោយប្រទេសកំពុងអភិវឌ្ឍន៍រងផលប៉ះពាល់ខ្លាំងជាងគេ។
លោកស្រី Pamela Coke-Hamilton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានប្រាប់សារព័ត៌មាន Reuters ថា «វាមានកម្រិតធំធេងណាស់»។ លោកស្រីបានព្រមានថា៖ «ប្រសិនបើការកើនឡើងនូវភាពតានតឹង រវាងចិន និងអាមេរិក នៅតែបន្តមាននោះ វានឹងបណ្តាលឲ្យមានការថយចុះ ៨០ភាគរយនៃពាណិជ្ជកម្ម រវាងប្រទេសទាំង ហើយការជះឥទ្ធិពលនៃជម្លោះពាណិជ្ជកម្មនោះ ដែលកើតមាននៅគ្រប់ទិសទី អាចក្លាយជាមហន្តរាយ»។
ទីផ្សារពិភពលោក បានបន្តប្រឈមនឹងភាពច្របូកច្របល់ នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ បន្ទាប់ពីលោក Trump បានប្រកាសផ្អាកពន្ធរយៈពេល ៩០ថ្ងៃលើប្រទេសរាប់សិប តែដំឡើងពន្ធលើការនាំចូលរបស់ចិន ដោយធ្វើឲ្យអត្រាពន្ធឡើងដល់ ១៤៥ភាគរយ នៅពេលដែលកាតព្វកិច្ចពន្ធដែលបានដាក់នៅដើមឆ្នាំ២០២៥ ត្រូវបានយកមកពិចារណា។ ជាការឆ្លើតតបនឹងពន្ធរបស់លោក Trump នៅថ្ងៃសុក្រនេះ ប្រទេសចិនបានប្រកាសដំឡើងពន្ធដល់ ១២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២ ខែមេសាតទៅ ពោលគឺឡើងពីអត្រា ៨៤ភាគរយដែលបានដាក់ចេញនៅមុននេះ៕