ការរកឃើញពន្លឺទំនងជាពន្លឺរបស់ទូរស័ព្ទដៃ បានធ្វើឲ្យកើតមានក្តីសង្ឃឹមនៃការស្វែងរកឃើញអ្នករស់រាននៅក្នុងអគាររដ្ឋាភិបាលបាក់រលំ ស្ថិតនៅសង្កាត់ Chatuchak ទីក្រុងបាងកក ប្រទេសថៃ ។
អគារខ្ពស់ការិយាល័យសវនកម្មរដ្ឋតម្លៃ ១,១៤ពាន់លានបាត បានបាក់រលំ ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយសារការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ នៅភាគកណ្តាលសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនាកន្លងទៅ ។
លោក Pakamol Metheepakdee គឺជាអ្នកស្ម័គ្រចិត្តជួយសង្រ្គោះមកពីមូលនិធិ Phetkasemនិយាយថា ក្រុមការងាររបស់លោក បានជូនដំណឹងអាសន្នពីសញ្ញារបស់អ្នករស់រាននៅក្រោមគំនរបាក់បែក នៅវេលាម៉ោង ៦ ព្រឹកថ្ងៃសុក្រនេះ ។ ពួកគេទទួលបានដំណឹងថា សញ្ញាពន្លឺ ដែលអាចជាពន្លឺទូរស័ព្ទដៃ ត្រូវបានរកឃើញ ។
យោងតាមសម្តីរបស់លោក Pakamol បានឲ្យដឹងថា ក្រុមជួយសង្រ្គោះដែលកំពុងធ្វើការនៅតំបន់ C ប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ បានឮសំឡេងរបស់ទូរស័ព្ទប្រើប្រព័ន្ធ Android លោតឡើង ខណៈពេលពួកគេទម្លុះឆ្លងកាត់តំបន់ B ។ សំឡេងនោះ ត្រូវបានគេជឿថាចេញពីចន្លោះ ៥០សង់ទីម៉ែត្រ ដែលកាលពីមុនកំណត់ឲ្យស្កេន ។ យោងតាមរដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា ក្រុមជួយសង្រ្គោះ កំពុងស្វែងមនុស្ស ៦៧នាក់ ដែលកំពុងបាត់ខ្លួននៅក្រោមគំនរបាក់បែកអគារ ដែលបានសម្លាប់មនុស្ស ២៧នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ៕