ស្របពេលដែលសង្រ្គាមនៅតែបន្តធ្វើឲ្យខ្ទេចខ្ទាំតំបន់ហ្កាហ្សា មនុស្សមានពិការភាពរាប់ពាន់នាក់ កំពុងត្រូវការអវៈយវៈសិប្បនិម្មិត ។ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ(OCHA) ។
ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) បាននិយាយថា វាបានក្លាយជារឿងដ៏លំបាកមួយ ក្នុងការនំាអវៈយវៈសិប្បនិម្មិតចូលទៅកាន់តំបន់ហ្កាហ្សា ។ នៅក្នុងចំណោមអ្នកមានពិការភាពថ្មីៗ គឺជាក្មេងស្រី Shaza Hamdan អាយុ ៧ឆ្នាំ ។
ក្មេងស្រី Hamdan និយាយថា ខ្ញុំបានលេងនៅក្នុងផ្ទះ ហើយឪពុករបស់ខ្ញុំនិយាយប្រាប់ខ្ញុំថា លឿនឡើង ចេញក្រៅដើរលេង ។ ពួកយើងបានចេញក្រៅ ហើយគ្រាប់កាំភ្លើងធំធ្លាក់លើពួកយើងស្រោចដូចទឹកភ្លៀង ។ ខ្ញុំត្រូវគ្រាប់កាំភ្លើងធំធ្លាក់ចំជើងរបស់ខ្ញុំ ឪពុករបស់ខ្ញុំត្រូវគ្រាប់កាំភ្លើងធំធ្លាក់ចំស្មារបស់គាត់ ។
ក្មេងស្រី Hamdan ទទួលការវះកាត់ ២លើក ហើយគ្រូពេទ្យធ្វើការកាត់ជើងរបួសរបស់គេបន្ថែម ដោយសាររបួសក្លាយ ។
ក្មេងស្រី Hamdan និយាយទៀតថា មុនពេលរងរបួស ខ្ញុំគឺជាក្មេងស្វាហាប់ម្នាក់ និងរឹងមាំម្នាក់ ។ ខ្ញុំធ្លាប់លេង និងធ្វើអ្វីៗគ្រប់បែបយ៉ាង ។ ខ្ញុំឈប់ដើរផ្សារសម្រាប់បងប្អូនបង្កើតរបស់ខ្ញុំបានទៀតហើយ ហើយនិងធ្វើអ្វីៗសម្រាប់ពួកគេ ។ ខ្ញុំចាប់ផ្តើមដើរជាមួយឈើច្រត់ដូចអ្នករាល់គ្នាផ្សេងទៀតដែរ ។
ចាប់តាំងពីសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលចាប់ផ្តើមផ្ទុះឡើង កាលពីឆ្នាំ ២០២៣ ជនប៉ាឡេស្ទីនយ៉ាងច្រើន បានរងរបួស ដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេជារៀងរហូត ៕