អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ បាននិយាយថា មន្ត្រីកំពូលសហភាពអឺរ៉ុប (EU) និងថ្នាក់ដឹកនាំចិន គ្រោងនឹងបើកកិច្ចប្រជុំកំពូលបន្ទាប់របស់ខ្លួន នៅប្រទេសចិន ក្នុងខែកក្កដា ដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ភាគីទាំង២។
គួររំលឹកថា EU បានប្រកាសពីផែនការ សម្រាប់កិច្ចប្រជុំកំពូលមួយ ក្នុងខែមករា មុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែង និងបានចេញវិធានការពន្ធគយ។
មន្ត្រីពីក្រុមប្រឹក្សាដែលជាស្ថាប័នតំណាងឲ្យប្រទេសចំនួន ២៧ របស់ EU បាននិយាយថា៖ «យើងកំពុងសម្របសម្រួលជាមួយប្រទេសចិន ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដែលត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសចិន នាពីរសប្ដាហ៍ចុងក្រោយនៃខែកក្កដា»។
ប្លុកនេះត្រូវប្រឈមមុខនឹងស្ថានភាពតានតឹង ដោយទាំងស្វែងរកការចរចាជាមួយសម្ព័ន្ធមិត្តដែលមិនអាចទាយទុកជាមុនបាន នៅក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសអត្រាពន្ធគយ និងការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ជាមួយនឹងការប៉ុនប៉ង ក្នុងការបន្តជំហរ ជុំវិញកង្វល់ពាណិជ្ជកម្ម ទាក់ទងនឹងប្រទេសចិន។
នៅព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញឲ្យ EU ចាប់ដៃជាមួយទីក្រុងប៉េកាំង ដើម្បីទប់ទល់នឹង «ការគំរាមកំហែងជាឯកតោភាគី» ដោយលោកសំដៅទៅលើពន្ធគយដែលដាក់ដោយលោក Trump។
ប្រមុខនៃស្ថាប័នសំខាន់ ២ របស់ EU គឺក្រុមប្រឹក្សា និងគណៈកម្មការអឺរ៉ុប បានរៀបចំកិច្ចប្រជុំកំពូលជាទៀងទាត់ជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិន ប៉ុន្តែមិនមានជំនួបពិភាក្សាគ្នាឡើយ នៅឆ្នាំ២០២៤៕