កូរ៉េខាងត្បូង និងស៊ីរី បានបង្កើតទំនាក់ទំនងការទូតផ្លូវការ ដែលជាព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយសម្រាប់រដ្ឋាភិបាលអន្តរកាលរបស់ប្រធានាធិបតីស៊ីរីលោក Ahmad al-Sharaa ។
ដំណើរវិវត្តន៍មួយនេះ ធ្វើឲ្យមានផលប៉ះពាល់ផងដែរដល់មេសត្រូវរបស់កូរ៉េខាងត្បូង គឺកូរ៉េខាងជើង ដែលធ្លាប់ចាត់ទុកស៊ីរីថាជាមិត្តរបស់ខ្លួនក្រោមរបបរបស់មេដឹកនាំទម្លាក់ចេញពីអំណាចគឺលោកប្រធានាធិបតី Bashar al-Assad ។
ទំនាក់ទំនងការទូតនេះ ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងទីក្រុងដាម៉ាស់ រវាងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Asaad al-Shaibani ។
អំឡុងពិធីបង្កើតទំនាក់ទំនងការទូត លោក Cho និយាយថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ក្នុងការជួយការងើបឡើងវិញរបស់ស៊ីរីចេញពីសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ តាមរយៈការវិនិយោគទុនធុរកិច្ច និងជំនួយមនុស្សធម៌ ។
ដោយឡែក លោក Al-Shaibani និយាយផងដែរថា លោកសង្ឃឹមថា ទីក្រុងសេអ៊ូល នឹងគាំទ្រឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិដែលនៅបន្តដាក់លើទីក្រុងដាម៉ាស់ ៕