ស្ថានទូតចិនប្រចាំនៅសហភាពមីយ៉ាន់ម៉ា និយាយថា ចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១ពាន់លានយ៉ន់(ស្មើនឹង ១៣៧លានដុល្លារ)ដល់ប្រទេសមីយ៉ាន់ដែលរងគ្រោះដោយសារការរញ្ជួយដី ។
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃទី ២៨ ខែមីនា ស្ថិតនៅក្នុងចំណោមគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតវាយប្រហារសហភាពមីយ៉ាន់ម៉ា ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយបានសម្លាប់មនុស្ស ៣.៦៤៥នាក់ ខណៈដែលផ្តួលរំលំអគារ ធ្វើឲ្យតំបន់សហគមន៍រាបដល់ដី ហើយនិងធ្វើឲ្យខ្វះខាតស្បៀងអាហារ ទឹកស្អាត និងទីជម្រក ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិន និយាយថា មូលនិធិនឹងផ្តល់ជាស្បៀងអាហារត្រូវការបន្ទាន់ ឱសថ និងផ្ទះបម្រុង ក៏ដូចជាចំណាយលើការព្យាបាល ការបង្ការជំងឺរាតត្បាត និងក្រុមជំនាញវាយតម្លៃគ្រោះមហន្តរាយ ។
ទីក្រុងប៉េកាំង បានបញ្ជូនក្រុមឆ្លើយតបដំបូង រួមទាំងក្រុមគ្រូពេទ្យ ក្រុមជំនាញគ្រោះរញ្ជួយដី ក្រុមការងារមន្ទីរពេទ្យបណ្តោះអាសន្ន និងសុនខជួយសង្រ្គោះ ដើម្បីសម្រាលការរងគ្រោះនៅមីយ៉ាន់ម៉ា ៕