ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១១ ខែមេសា) បានឲ្យដឹងថា ជនភៀសខ្លួនស៊ូដង់ជាង ១.០០០នាក់ បានទៅដល់ ឬព្យាយាមឲ្យបានទៅដល់អឺរ៉ុប នៅដើមឆ្នាំ២០២៥ នេះ ដោយលើកឡើងពីភាពអស់សង្ឃឹមខ្លាំងទៅៗ ដែលមួយផ្នែកដោយសារតែការថយចុះជំនួយ នៅក្នុងតំបន់។
មនុស្សប្រហែល ១២លាននាក់ត្រូវបានជម្លៀសចេញដោយសារជម្លោះរយៈពេល ២ឆ្នាំ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ដែលបានបង្កឲ្យមាននូវអ្វីដែលមន្ត្រី UN ហៅថា វិបត្តិជំនួយដ៏អាក្រក់បំផុតរបស់ពិភពលោក។
ទោះបីជាថ្មីៗនេះ ពលរដ្ឋខ្លះបានវិលត្រលប់ទៅផ្ទះសម្បែងវិញនៅទីក្រុង Khartoum ក៏ដោយ ក៏រាប់លាននាក់ផ្សេងទៀតនៅក្នុងប្រទេសជិតខាង ដូចជាអេហ្ស៊ីប និងឆាដជាដើម ប្រឈមនឹងជម្រើសដ៏លំបាក ដោយសារសេវាកម្មគាំទ្រជាច្រើន សម្រាប់ជនភៀសខ្លួន កំពុងត្រូវបានកាត់បន្ថយ ក្នុងនោះរួមទាំងការកាត់បន្ថយដោយសហរដ្ឋអាមេរិក ជាផ្នែកនៃការត្រួតពិនិត្យជំនួយផងដែរ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Olga Sarrado អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បានប្រាប់ថា ជនជាតិស៊ូដង់ប្រមាណ ៤៨៤នាក់ បានមកដល់អឺរ៉ុប ក្នុងខែមករា និងកុម្ភៈ ដោយកើនឡើង ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រីបានបន្ថែមថា ប្រហែល ៩៣៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់ នៅសមុទ្រ ហើយបញ្ជូនត្រលប់ទៅប្រទេសលីប៊ីវិញ ដែលជាតួលេខច្រើនជាងឆ្នាំមុនទ្វេដង សម្រាប់រយៈពេលដូចគ្នានេះ។ លោកស្រី Sarrado បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលជំនួយមនុស្សធម៌ធ្លាក់ចុះ ហើយប្រសិនបើសង្រ្គាមមិនធូរស្រាលទេ មនុស្សជាច្រើន នឹងមិនមានជម្រើសអ្វី ក្រៅពីចូលរួមភៀសខ្លួនទៅអឺរ៉ុបដែរ»៕