ក្រុមអាជ្ញាធរក្រុងនៅក្នុងដែនដីហ្កាហ្សា និយាយថា ពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប បានបាត់បង់ប្រភពទឹកស្អាតដ៏សំខាន់របស់ពួកគេ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ក្រោយការផ្គត់ផ្គង់ទឹកពីអ៊ីស្រាអែល ត្រូវបានកាត់ផ្តាច់ដោយការវាយប្រហារថ្មីរបស់អ៊ីស្រាអែល ។
ក្រុមអាជ្ញាធរក្រុងបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋហ្កាហ្សាដើររាប់គ.ម ដើម្បីបំពេញទឹកក្នុងធុងរបស់ពួកគេ ក្រោយការទម្លាក់គ្រាប់បែករបស់យោធាអ៊ីស្រាអែល និងការវាយប្រហារជើងគោកនៅសង្កាត់ភាគខាងកើត Shejaia ស្ថិតក្នុងទីក្រុងហ្កាហ្សា បានធ្វើឲ្យខូចខាតបំពង់បង្ហូរទឹកប្រតិបត្តិការដោយក្រុមហ៊ុនរដ្ឋ Mekorot ។
អ្នកស្រី Faten Nassar គឺជាពលរដ្ឋហ្កាហ្សាវ័យ ៤២ឆ្នាំ និយាយថា គាត់បានរង់ចាំទឹកស្អាត ចាប់តាំងពីព្រឹកមកម្ល៉េះ ។ គ្មានស្ថានីយ និងគ្មានរថយន្តមកដល់នោះទេ ។ គ្មានទឹកនោះទេ ការឆ្លងកាត់ព្រំដែនត្រូវបានបិទ ។ តាមបំណងរបស់ព្រះ សូមឲ្យសង្រ្គាមមួយនេះបញ្ចប់ដោយសុវត្ថិភាព និងដោយសន្តិវិធី ។
យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញកង្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរនេះ ។
អ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុករស់នៅក្នុងសង្កាត់ Shejaia ជម្លៀសខ្លួនកាលពីសប្តាហ៍មុន ពេលដែលពួកគេបើកការវាយប្រហារជាថ្មីលើសង្កាត់ជាច្រើន ។ យោធានិយាយថា ពួកគេកំពុងប្រតិបត្តិការប្រឆាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ហើយនិងបានសម្លាប់មេដឹកនាំជីវពលជាន់ខ្ពស់មួយរូប ។
ក្រុមអាជ្ញាធរក្រុងនិយាយថា បំពង់បង្ហូរទឹករបស់ក្រុមហ៊ុន Mekorot បានផ្គត់ផ្គង់ទឹក ៧០ភាគរយនៅទីក្រុងហ្កាហ្សា ចាប់តាំងពីការបំផ្លិចបំផ្លាញអណ្តូងភាគច្រើន អំឡុងសង្រ្គាម ៕