ក្រុមកម្មករត្រូវបានប្រាប់ឲ្យរួសរាន់ត្រលប់ទៅផ្ទះសម្បែង ថ្នាក់រៀនត្រូវបានណែនាំឲ្យបិទទ្វារ ហើយព្រឹត្តិការណ៍នៅទីវាលនានា ត្រូវបានលុបចោល ខណៈដែលភាគខាងជើងប្រទេសចិន ត្រៀមប្រឈមជាមួយកម្លាំងខ្យល់បក់ដ៏ខ្លាំងក្លា នៅចុងសប្តាហ៍នេះ។
ជាមួយគ្នានេះ មនុស្សរាប់លាននាក់ ក៏ត្រូវបានជំរុញឲ្យស្នាក់នៅតែក្នុងផ្ទះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួន បានព្រមានថា មនុស្សដែលមានទម្ងន់តិចជាង ៥០គីឡូក្រាម អាចនឹងត្រូវបាន «ខ្យល់បក់ប៉ើងយ៉ាងងាយស្រួល»។
ល្បឿនខ្យល់បក់ដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានគេរំពឹងថា នឹងបោកបក់ពេញទីក្រុងប៉េកាំង Tianjin និងផ្នែកផ្សេងទៀតនៃតំបន់ Hebei ចាប់ពីថ្ងៃសុក្រ (ទី១១ ខែមេសា) ដល់ថ្ងៃអាទិត្យ (ទី១៣ ខែមេសា) ខណៈដែលខ្យល់គួចដ៏ត្រជាក់ផ្លាស់ទីទៅភាគអាគ្នេយ៍ ដោយបក់ចេញពីប្រទេសម៉ុងហ្គោលី។ ជាលើកដំបូងក្នុងរយៈពេល ១ទស្សវត្សរ៍ ទីក្រុងប៉េកាំងបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច សម្រាប់ខ្យល់ព្យុះ ដែលជាកម្រិតខ្ពស់បំផុតទី២ នៅក្នុងប្រព័ន្ធព្រមានអាកាសធាតុ ៤ថ្នាក់។
ខ្យល់បក់បោកខ្លាំងចេញពីម៉ុងហ្គោលី មិនមែនជារឿងប្លែកនោះទេ ជាពិសេសក្នុងរយៈពេលនេះនៃឆ្នាំ។ ប៉ុន្តែខ្យល់បក់ខ្លាំងនាពេលខាងមុខ ត្រូវបានគេរំពឹងថា នឹងមានកម្លាំងខ្លាំងជាងអ្វីដែលតំបន់នេះ ធា្លប់បានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំនេះ។
អាជ្ញាធរបានឲ្យដឹងថា សីតុណ្ហភាព នៅទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងចុះដល់ ១៣អង្សាសេ ក្នុងរយៈពេល ២៤ម៉ោង នៅពេលដែលខ្យល់បក់ខ្លាំងបំផុត បានបក់បោកទៅដល់នៅថ្ងៃសៅរ៍។ សេវាឧតុនិយមទីក្រុងប៉េកាំង បានប្រាប់ថា៖ «ខ្យល់ដ៏ខ្លាំងនេះ គឺខ្លាំងក្លាបំផុត អូសបន្លាយពេលយូរ ប៉ះពាល់ដល់តំបន់ដ៏ធំ និងបង្កជាមហន្តរាយធ្ងន់ធ្ងរ»៕