ជាការប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅ និងអាកាសធាតុពុំអាចព្យាករបានបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ ប្រជាកសិករនៅទូទាំងប្រទេសកេនយ៉ា បានងាកមករកវិធីសាស្រ្តសល់ពីដូនតារបស់ពួកគេវិញ ដែលជាគ្រាប់ពូជប្រពៃណីជនជាតិភាគតិច ដើម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសាររបស់ពួកគេ ។
នៅក្នុងភូមិ Kamathatha ស្ថិតនៅភាគកណ្តាលប្រទេសកេនយ៉ា កសិករ Martha Njenga កំពុងដឹកនាំបដិវត្តន៍ដ៏ស្ងៀមស្ងាត់មួយនេះ ។ អ្នកស្រីបង្រៀនអ្នកភូមិរបស់គាត់ពីវិធីសាស្រ្តអភិរក្សគ្រាប់ពូជប្រពៃណី ជួយឲ្យពួកគេសន្សំពេល និងប្រាក់កាសបានច្រើន ហើយនិងដាំគ្រាប់ពូជឡើងវិញពី ១រដូវទៅ ១រដូវ ។
អ្នកស្រី Njenga និយាយថា ឥឡូវពួកយើងអភិរក្សាគ្រាប់ពូជពោត ប៉ុន្តែនៅមានគ្រាប់ពូជដទៃជាច្រើនទៀត ។ ធនាគារគ្រាប់ពូជសហគមន៍ នឹងជួយក្រុមប្រជាកសិករទទួលបានគ្រាប់ពូជនៅពេលដ៏ត្រឹមត្រូវមួយ សូម្បីតែនៅពេលក្តៅស្ងួត បើសិនជាគ្រាប់ពូជមិនដុះ ពួកគេអាចវិលត្រឡប់មកវិញ ដើម្បីទទួលបានគ្រាប់ពូជ និងដាំវាឡើងវិញ ។ វាសន្សំពេល និងប្រាក់កាសបានច្រើន ។
អ្នកស្រីបន្តថា រឿងវាសាមញ្ញទេ តាមរយៈការបង្កើតធានាគារគ្រាប់ពូជផ្ទាល់ខ្លួនរបស់ពួកគេ ក្រុមប្រជាកសិករក្នុងស្រុក អាចស្តុក និងចែករំលែងគ្រាប់ពូជ ស័ក្តិសមនឹងបរិស្ថានរបស់ពួកគេ គឺជាដំណោះស្រាយមូលដ្ឋានមួយដែលនឹងផ្តល់ឲ្យពួកគេនូវស្វ័យភាព និងភាពធន់ ។
កាលពីរយៈពេលប៉ុន្មានឆ្នាំមុន កសិករ Martha Wangui ពិបាករកអាហារដាក់តុបាយខ្លាំងណាស់ ។ ដំណាំខូចម្តងហើយម្តងទៀត ដោយសារអាកាសធាតុពុំអំណោយផលដែលកសិករពឹងផ្អែក ប៉ុន្តែក្រោយមក អ្នកស្រីបានប្តូរមកប្រើប្រាស់គ្រាប់ពូជសល់ពីដូនតាជនជាតិភាគតិចវិញ ។
អ្នកស្រី Martha និយាយថា កាលពីមុន ពួកយើងពឹងផ្អែកលើដំណាំតែមួយមុខប៉ុណ្ណោះ បើមិនពោត ក៏សណ្តែកដែរ ដែលពួកយើងប្រមូលផលបានតែម្តងប៉ុណ្ណោះ ក្នុង ១ឆ្នាំ ប៉ុន្តែគ្រាប់ពូជផ្សេងៗជាច្រើនទៀត ដូចជាត្រាវ ពួកយើងអាចប្រមូលផលបានពេញមួយឆ្នាំ ។
លោកវេជ្ជបណ្ឌិត Robert Musyoki គឺជាអ្នកស្រាវជ្រាវនៅអង្គការស្រាវជ្រាវកសិកម្ម និងបសុសត្វកេនយ៉ា (KALRO)និយាយថា ស្របពេលដែលគ្រាប់ពូជប្រពៃណី ផ្តល់លក្ខខណ្ឌល្អ ការធានាគុណភាពរបស់វាក៏សំខាន់ណាស់ដែរ ។
លោកបន្តថា ក្នុងនាមជាក្រុមអ្នកវិទ្យាសាស្រ្ត ពួកយើងកំពុងធ្វើការ ដើម្បីធ្វើឲ្យល្អប្រសើរឡើងដំណាំប្រពៃណី និងនាំវាមកកាន់ទីផ្សារ ៕