កំពង់ធំ÷ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមជនបទជារឿងដ៏ចាំបាច់បំផុត ដោយបានកំពុងអនុវត្តស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការ
ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង ៧.២៧០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញ ការងារ សាងសង់ ស្ដារផ្លូវឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុងនៅតាមជនបទ ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។
ជុំវិញផ្លូវនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំជនបទ រហូតដល់បញ្ចប់ សុពលភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ជុំវិញបញ្ហានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការ ពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញ ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការបានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិង កំពុងបន្តការគាំទ្រដល់ ការជួស ជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់ កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
អត្ថបទ៖ សុន រ៉ាឌី






