បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺលោក Steve Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក President Vladimir Putin ក្នុងទីក្រុង St. Petersburg ខណៈលោក Trump បានទទូចឲ្យរុស្ស៊ី «រូតរះធ្វើការ»។ លោក Trump សម្តែងការខកចិត្តចំពោះការចរចាបទឈប់បាញ់ដែលជាប់គាំង រវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ជំនួបកាលពីថ្ងៃសុក្រ មានរយៈពេល ៤ ម៉ោង ប៉ុន្តែព័ត៌មានលម្អិត ពុំត្រូវបានគេបង្ហាញឡើយ។
រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការធ្វើឱ្យទីក្រុងមូស្គូ ព្រមព្រៀងលើបទឈប់បាញ់ពេញលេញជាមួយអ៊ុយក្រែន។
បេសកជនវិនិយោគរបស់វិមានក្រឹមឡាំង លោក Kirill Dmitriev ក៏បានជួបជាមួយលោក Witkoff ផងដែរ ហើយលោកបានចាត់ទុកកិច្ចពិភាក្សានេះថា «ទទួលបានផ្លែផ្កា» នៅលើការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គម។
លោក Witkoff នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ទៅចូលរួមកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍នេះផងដែរ។