ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងសាណា(Sanaa) កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងបានរិះគន់ខ្លាំងៗការវាយប្រហារតាមអាកាសកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសយេម៉ែន។
បាតុកម្ម ដឹកនាំជាសំខាន់ដោយក្រុមអ្នកគាំទ្រក្រុមហ៊ូទី ដែលអ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន លើកកាំភ្លើង និងដាវធ្វើពីក្រដាសកាតុងជានិមិត្តរូប។ ទង់ជាតិប៉ាឡេស្ទីននិងយេម៉ែនដ៏ធំ ត្រូវបានត្រដាងនៅក្នុងហ្វូងមនុស្ស។
សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសប្រឆាំងក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឱ្យបញ្ចប់ការវាយប្រហាររបស់ក្រុមនេះ ទៅលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម។
ការវាយប្រហារតាមអាកាស គឺជាប្រតិបត្តិការយោធាធំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោក Trump ចូលកាន់តំណែង កាលពីខែមករា។