អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កាលពីថ្ងៃសុក្រ បានចាប់ផ្តើមអំពាវនាវរកមូលនិធិចំនួន២៧៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតបចំពោះការរញ្ជួយដីដ៏មហន្តរាយនៅមីយ៉ាន់ម៉ា។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា មូលនិធិនេះ គឺជាការបន្ថែមទៅលើតម្រូវការមនុស្សធម៌ និងផែនការឆ្លើយតបឆ្នាំ២០២៥ ដើម្បីបានទៅដល់មនុស្ស១,១ លាននាក់ ជាមួយនឹងជំនួយ និងជំនួយបន្ទាន់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយនឹងដៃគូរបស់ខ្លួន បានកៀរគរជំនួយយ៉ាងឆាប់រហ័ស រួមមានទាំងការថែទាំសុខភាព ទីជម្រក ទឹក និងស្បៀងអាហារ ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់។
ការរញ្ជួយដីដ៏មហន្តរាយដែលបានវាយប្រហារភាគកណ្តាលសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនាបានបណ្តាលឱ្យមានការស្លាប់មនុស្សយ៉ាងច្រើន បន្សល់ទុកការឈឺចាប់ និងការបំផ្លិចបំផ្លាញដែលធ្វើឱ្យមានវិបត្តិមនុស្សធម៌ដ៏គួរឱ្យព្រួយបារម្ភ។ អ្នកនាំពាក្យរូបនេះ បាននិយាយថា ការរញ្ជួយដី បានជំរុញឲ្យមនុស្ស២លាននាក់ត្រូវការជំនួយ និងការការពារយ៉ាងខ្លាំង បន្ថែមលើមនុស្ស១៩,៩លាននាក់ដែលត្រូវបានគេប៉ាន់ស្មានថា ត្រូវការជំនួយមនុស្សធម៌កាលពីមុនពេលមានគ្រោះមហន្តរាយរញ្ជួដី។