ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កម្លាំងខ្យល់បក់ខ្លាំង បានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងប៉េកាំង និងផ្នែកខ្លះនៃតំបន់ភាគខាងជើងប្រទេសចិន នៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ ដែលនាំឲ្យជើងហោះហើររាប់រយវ៉ុលត្រូវបានលុបចោល តំបន់ទេសចរណ៍ត្រូវបានបិទ និងសេវារថភ្លើងត្រូវបានផ្អាក។
រដ្ឋបាលឧតុនិយមចិន (CMA) បានឲ្យដឹងថា ខ្យល់បក់ខ្លាំងបានបង្កឡើងជាចម្បងដោយប្រព័ន្ធខ្យល់កួចត្រជាក់កើតចេញពីប្រទេសម៉ុងហ្គោលី ដែលកំពុងតម្រង់ទៅទិសខាងកើត និងខាងត្បូង ដោយបក់បោកពាសពេញភាគខាងជើងប្រទេសចិន ចាប់ពីថ្ងៃសុក្រ រហូតដល់ចុងសប្តាហ៍។
CMA បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កម្លាំងខ្យល់បក់ដ៏ខ្លាំងបំផុត ត្រូវបានរំពឹងកើតមាន ក្នុងអំឡុងពេលថ្ងៃនៃថ្ងៃទី១២ ខែមេសា ដោយល្បឿនខ្យល់នៅស្ថានីយ៍អង្កេតមួយចំនួនមានជិតដល់កម្រិត ឬសូម្បីតែលើសពីកម្រិតខ្លាំងបំផុតជាប្រវត្តិសាស្ត្រ សម្រាប់រយៈពេលដូចគ្នា គិតចាប់តាំងពីឆ្នាំ១៩៥១ មក»។
មុននេះ ទីក្រុងប៉េកាំងបានចេញការជូនដំណឹងពណ៌ទឹកក្រូចជាលើកដំបូងរបស់ខ្លួន ដែលជាកម្រិតខ្ពស់បំផុតទី២ សម្រាប់ខ្យល់ខ្លាំង ក្នុងរយៈពេល ១ទសវត្សរ៍ សម្រាប់ចុងសប្តាហ៍នេះ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ជើងហោះហើរចំនួន ៤១៣វ៉ុល នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង ត្រូវបានលុបចោល។ CCTV បានផ្សាយបន្តថា សេវាកម្មរថភ្លើង ក្នុងរួមទាំងខ្សែរថភ្លើងល្បឿនលឿនក្រោមដីរបស់ព្រលានយន្តហោះ និងខ្សែរថភ្លើងល្បឿនលឿនមួយចំនួនទៀត ក៏ត្រូវបានផ្អាកផងដែរ។
ទូរទស្សន៍ CCTV បានឲ្យដឹងទៀតថា ដើមឈើជិត ៣០០ដើម នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន បានដួលរលំ និងរថយន្តចំនួន ១៩គ្រឿង បានរងការខូចខាត ដោយបន្ថែមថា មិនទាន់មានអ្នករងរបួស ដោយសារខ្យល់ខ្លាំងនេះ ត្រូវបានរាយការណ៍ក្នុងទីក្រុងប៉េកាំងនៅឡើយទេ៕