បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ និង Juventus, Cristiano Ronaldo បានជាសះស្បើយពីមេរោគ Covid-19 ហើយក្រោយធ្វើតេស្ត ២ដងអវិជ្ជមាន បន្ទាប់ពីការនៅដាច់ដោយឡែកកន្លះខែ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបានធ្វើតេស្តវិជ្ជមាន Covid-19 នៅថ្ងៃទី១៣ ខែតុលា ក្រោយពេលបង្ហាញខ្លួនអោយក្រុមជំរើសជាតិព័រទុយហ្កាល់។
Juventus ចាប់ផ្ដើមការប្រកួតយប់មិញដោយ Ronaldo ជាកីឡាករបម្រុង ខណៈខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ជាអ្នកបើកការនាំមុខនៅនាទីទី១៤ តែម្ចាស់ផ្ទះ Spezia ក៏តាមស្មើវិញនៅនាទីទី៣២ ដោយ Pogeba។ ឈានចូលវគ្គទី២ Ronaldo ក៏ត្រូវបានផ្លាស់ប្ដូរចូល ហើយក៏រកបាន ១គ្រាប់ភ្លាមៗនៅនាទីទី៥៩ មុនពេលដែល Adrien Rabiot រកបាន ១គ្រាប់ដែរនៅនាទីទី៦៧។ Ronaldo ដែលខកខាន ២ប្រកួតឲ្យ Juventus នៅ Serie A និង ២ប្រកួតនៅ Champions League នោះក៏រកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី៧៦ ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈបញ្ចប់ការប្រកួត Juventus យកឈ្នះ Spezia ៤–១។
បីពិន្ទុនេះ Juventus ឡើងមកលេខ៣ វិញមាន ១២ពិន្ទុតាមពីក្រោយ Sassuolo លេខ២ មាន ១៤ពិន្ទុ ក្រោយយកឈ្នះ Napoli យប់មិញ ខណៈ AC Milan លើគេមាន ១៦ពិន្ទុក្រោយឈ្នះនៅទឹកដី Udinese ២–១ ដោយគ្រាប់បាល់ជ័យជំនះរបស់ Zlatan Ibrahimovic៕
អត្ថបទ៖នាង សុភាវុធ
