ប្រធានកាកបាទក្រហម (RC) កាលពីថ្ងៃសុក្រ (ទី១១ ខែមេសា) បានពណ៌នាពីស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាថា ជា «ឋាននរកនៅលើផែនដី» ហើយបានព្រមានថា មន្ទីរពេទ្យបណ្ដោះអាសន្នរបស់ខ្លួន នឹងអស់ការផ្គត់ផ្គង់ក្នុងរង្វង់រយៈពេល ២សប្តាហ៍។
នៅឯទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម (ICRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Mirjana Spoljaric បានប្រាប់សារព័ត៌មាន Reuters ថា៖ «ឥឡូវនេះ យើងកំពុងទទួលស្គាល់ថា ស្ថានភាពដែលខ្ញុំត្រូវពណ៌នានោះ គឺថា នេះជាឋាននរកនៅលើផែនដី។ មនុស្សមិនមានលទ្ធភាពទទួលបានទឹក អគ្គិសនី និងអាហារ នៅក្នុងផ្នែកជាច្រើននៃតំបន់ហ្កាហ្សា»។
គ្មានការផ្គត់ផ្គង់ជំនួយមនុស្សធម៌ថ្មី បានចូលទៅក្នុងដែនដីប៉ាឡេស្ទីនទេ ចាប់តាំងពីអ៊ីស្រាអែលបានរារាំងមិនឲ្យរថយន្តជំនួយចូលតំបន់នេះ កាលពីថ្ងៃទី២ ខែមីនា ខណៈដែលការពិភាក្សា បានជាប់គាំង ជុំវិញដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ដែលដួលរលំនាពេលនេះ។ អ៊ីស្រាអែលបានបើកការវាយប្រហារយោធារបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា។
ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានឲ្យដឹងថា រថយន្តជំនួយចំនួន ២៥.០០០គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ៤២ថ្ងៃនៃបទឈប់បាញ់ ហើយថា ក្រុមហាម៉ាសបានប្រើប្រាស់ជំនួយ ដើម្បីបង្កើតម៉ាស៊ីនសង្គ្រាមរបស់ខ្លួនឡើងវិញ ជាការចោទប្រកាន់ដែលក្រុមនេះបានបដិសេធ។
លោកស្រី Spoljaric បាននិយាយថា ការផ្គត់ផ្គង់កំពុងនៅសល់តិចតួចខ្លាំងណាស់។ លោកស្រីបានបញ្ជាក់ថា «សម្រាប់រយៈពេល ៦សប្តាហ៍កន្លងមកនេះ គ្មានអ្វីត្រូវបានផ្គត់ផ្គង់បន្ថែមនោះទេ ដូច្នេះ រយៈពេល ២-៣ សប្តាហ៍ទៀត យើងនឹងអស់សម្ភារផ្គត់ផ្គង់ដែលយើងត្រូវការចាំបាច់ ដើម្បីបន្តដំណើរការមន្ទីរពេទ្យទៀត»៕