ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅខែក្រោយ ដើម្បីជួបប្រជុំជាមួយប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) ដែលនេះជាលើកទី៣ របស់លោក គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២៣ ហើយរដ្ឋាភិបាលទីក្រុង Brasilia បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំលើកទី៤ ត្រូវបានគ្រោងទុករួចហើយ សម្រាប់ខែកក្កដា។
ល្បឿនដ៏ទៀងទាត់ និងជាប់លាប់នៃកិច្ចប្រជុំទ្វេភាគីនេះ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏កក់ក្តៅរបស់ប្រទេសប្រេស៊ីលជាមួយនឹងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដែលអ្នកការទូតនៅទីក្រុង Brasilia ហៅថា ជារឿង «មិនអាចចៀសបាន» ខណៈដែលពិភពលោកត្រូវសម្របខ្លួនទៅនឹងគោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
អមដោយការបន្ថែមថា ប្រេស៊ីលក៏កំពុងសម្លឹងផងដែរដល់ការបញ្ចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ជាមួយសហភាពអឺរ៉ុប និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍន៍ធំៗ គឺ BRICS អ្នកការទូតដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីបាននិយាយដោយឥតលាក់លៀម បានប្រាប់ថា៖ «កត្តាសមហេតុសមផលបំផុត គឺស្វែងរកជម្រើសផ្សេងជំនួស។ ប្រទេសចិនគឺជាផ្នែកមួយក្នុងជម្រើសនោះ»។
អ្នកការទូតរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំនឹងហៅវាថា ជាគោលនយោបាយកាត់បន្ថយហានិភ័យ។ សព្វថ្ងៃនេះ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានហានិភ័យខ្ពស់ ដូច្នេះវាជារឿងធម្មតា ក្នុងការស្វែងរកជម្រើសជំនួសផ្សេងជំនួស»។ លោកបានបន្ថែមថា ប្រេស៊ីល និងចិនមានទំនាក់ទំនងជិតស្និទ្ធរួចទៅហើយ។
នៅទីក្រុង Brasilia កាលពីខែវិច្ឆិកាឆ្នាំមុន លោក ស៊ី និងលោក Lula បានសលើកកម្ពស់ឋានៈទំនាក់ទំនងការទូត និងបានឈានដល់កិច្ចព្រមព្រៀងចំនួនជាង ៣០ ដើម្បីសហការលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិពាណិជ្ជកម្ម និងវិស័យយុទ្ធសាស្ត្រផ្សេងទៀត៕